អប្បមេយ្យសូត្រទី ៣

ក្បាលទី 27 · ទំព័រ 447

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែងមាននៅក្នុង លោក ។ បុគ្គល ៣ ពួក ដូចម្តេចខ្លះ ។ គឺសុប្បមេយ្យបុគ្គល ( បុគ្គលដែល គេប្រមាណដោយងាយ ) ១ ទុប្បមេយ្យបុគ្គល ( បុគ្គលដែលគេប្រមាណ ដោយក្រ ) ១ អប្បមេយ្យបុគ្គល ( បុគ្គលដែលគេប្រមាណមិនបាន ) ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះសុប្បមេយ្យបុគ្គល ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកលើកកម្ពស់ ឆ្មើងឆ្មៃ រពើតរពើង មាត់រឹង និយាយប៉ប៉ាច់ប៉បោច ភ្លេចស្មារតី មិនដឹងខ្លួន មានចិត្តមិននឹងធឹង មានចិត្តប្រែប្រួល មានឥន្ទ្រិយបើកចំហ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុប្បមេយ្យបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ ចុះទុប្បមេយ្យបុគ្គល ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកមិនលើកកម្ពស់ មិនឆ្មើងឆ្មៃ មិនរពើតរពើង មិនមានមាត់រឹង មិននិយាយប៉ប៉ាច់ប៉បោច តម្កល់ ស្មារតី ដឹងខ្លួន មានចិត្តនឹងធឹង មានចិត្តមានអារម្មណ៍តែមួយ សង្រួមឥន្ទ្រិយ ល្អ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុប្បមេយ្យបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ ចុះអប្បមេយ្យបុគ្គល ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ គឺបានដល់ ភិក្ខុជាអរហំខីណាស្រព ក្នុងធម្មវិន័យនេះ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ ថា អប្បមេយ្យបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះឯង រមែង មាននៅក្នុងលោក ។