អានេញ្ជសូត្រទី ៤

ក្បាលទី 27 · ទំព័រ 449

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែងមាននៅក្នុង លោក ។ បុគ្គល ៣ ពួក ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ពួកមួយ ក្នុងលោកនេះ ព្រោះកន្លងបង់នូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះរលត់នូវបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ចូលកាន់ អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត ដូច្នេះ ។ បុគ្គលនោះ ត្រេកអរនឹងឈាននោះ ប្រាថ្នានូវឈាននោះ ដល់នូវសេចក្តី ត្រេកអរនឹងឈាននោះ ស្ថិតនៅក្នុងឈាននោះ សម្រាកក្នុងឈាននោះ សម្រេចសម្រាន្ត នៅដោយច្រើន ក្នុងឈាននោះ មិនសាបសូន្យ ( ចាក ឈាននោះ ) កាលធ្វើមរណកាល ក៏ទៅកើតជាមួយនឹងពួកទេវតា ដែល កើតក្នុងជាន់អាកាសានញ្ចាយតនៈ ។ ម្នាលភិក្ខុទាំងឡាយ ប្រមាណអាយុ របស់ពួកទេវតាដែលកើតក្នុងជាន់អាកាសានញ្ចាយតនៈ កំណត់ពីរហ្មឺនកប្ប ( ២០០០០ កប្ប ) ។ បុថុជ្ជនដែលឋិតនៅក្នុងភពនោះ ដរាបដល់អស់អាយុ គឺកំណត់អស់អាយុទាំងអស់ ដែលជាប្រមាណអាយុនៃទេវតាទាំងនោះ ហើយក៏ ទៅកើតក្នុងនរកខ្លះ ទៅកើតក្នុងកំណើតតិរច្ឆានខ្លះ ទៅកើតក្នុងបិត្តិវិស័យ ខ្លះ ។ ចំណែកខាងសាវករបស់ព្រះដ៏មានព្រះភាគ ដែលឋិតនៅក្នុងភពនោះ ដរាបដល់អស់អាយុ គឺថា កំណត់អស់អាយុទាំងអស់ ដែលជាប្រមាណ អាយុរបស់ពួកទេវតាទាំងនោះ ហើយក៏បរិនិព្វានក្នុងភពនោះឯង ។ ម្នាលភិក្ខុ ទាំងឡាយ នេះជាសេចក្តីប្លែក នេះជាសេចក្តីអធិប្បាយ នេះជាអំពើផ្សេងៗ គ្នា នៃអរិយសាវកអ្នកចេះដឹង និងបុថុជ្ជនអ្នកមិនចេះដឹង កាលបើនៅមាន គតិភព និងឧបបត្តិភពនៅឡើយ ។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត បុគ្គលពួកមួយ ក្នុងលោកនេះ កន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយ ប្រការទាំងពួង ចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្ម