អដ្ឋកថាអានេញ្ជសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងអានេញ្ជសូត្រទី ៤ ដូចតទៅនេះ បទថា តទស្សាទេតិ បានដល់ គាប់ចិត្តក្នុងឈាននោះ ។ បទថា តំ និកាមេតិ បានដល់ ប្រាថ្នាឈាននោះឯង ។ បទថា តេន ច វិត្តឹ អាបជ្ជតិ បានដល់ ដល់នូវការត្រេកអរដោយឈាននោះ ។ បទថា តត្ថ ឋិតោ បាន ដល់ តាំងនៅក្នុងឈាននោះ ។ បទថា តទធិមុត្តោ បានដល់ បង្អោនចិត្ត ទៅក្នុងឈាននោះឯង ។ បទថា តព្វហុលវិហារី បានដល់ នៅជាមួយ ឈាននោះ ដោយចំណែកច្រើន ។ បទថា សហព្យត្តំ ឧបបជ្ជតិ បានដល់ ចូលដល់នូវភាពជាសម្លាញ់ អធិប្បាយថា រមែងកើតក្នុងទេវលោកនេះ ។ ពាក្យជាដើមថា និរយម្បិ គច្ឆតិ ព្រះមានព្រះភាគត្រាស់សំដៅដល់ការទៅ នរកនោះ ដោយអំណាចនៃបរិយាយដទៃ ព្រោះមិនផុតអំពីនរកជាដើមទៅ បាន ព្រោះថា បុគ្គលមិនមានអកុសលកម្ម ដែលមានកម្លាំងច្រើនជាងឧបចារជ្ឈាន ដែលជាហេតុឲ្យកើតក្នុងអបាយជាប់តគ្នា ។ បទថា ភគវតោ បន សាវកោ បានដល់ សាវ័កអង្គណាមួយ បណ្តាសាវ័កដែលជាព្រះសោតាបន្ន ព្រះសកទាគាមី និងព្រះអនាគាមីទាំងឡាយ ។ បទថា តស្មឹយេវ ភវេ បាន ដល់ ក្នុងអរូបភពនោះឯង ។ បទថា បរិនិព្វាយតិ សេចក្តីថា នឹងបរិនិព្វាន ដោយអប្បច្ចយបរិនិព្វាន ។ សេចក្តីព្យាយាមជាគ្រឿងប្រកបយ៉ាងក្រៃលែង ឈ្មោះថា អធិប្បាយសោ ពាក្យដ៏សេស ក្នុងព្រះសូត្រនេះ គប្បីជ្រាបតាម ន័យដែលពោលមកហើយនោះឯង ។ ម្យ៉ាងទៀត ក្នុងព្រះសូត្រនេះ ឈាន ដែលជាហេតុឲ្យកើតឡើង ព្រះមានព្រះភាគត្រាស់សម្រាប់បុថុជ្ជន សម្រាប់ ព្រះអរិយសាវ័ក ត្រាស់ទាំងការដែលជាហេតុឲ្យកើតនោះឯង ទាំងឈាន ដែលជាបាទនៃវិបស្សនាផងដែរ ។