អបណ្ណកសូត្រទី ៦

ក្បាលទី 27 · ទំព័រ 457

ម្នាលភិក្ខុទាំងឡាយ វិបត្តិនេះមាន ៣ យ៉ាង ។ វិបត្តិ ៣ យ៉ាងដូចម្តេចខ្លះ ។ គឺសីលវិបត្តិ ១ ចិត្តវិបត្តិ ១ ទិដ្ឋិវិបត្តិ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ចុះសីលវិបត្តិ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ។ បេ ។ ពោលពាក្យឥតប្រយោជន៍ ។ ម្នាល ភិក្ខុទាំងឡាយ នេះហៅថា សីលវិបត្តិ ។ ម្នាលភិក្ខុទាំងឡាយ ចុះចិត្តវិបត្តិ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ច្រើនដោយ អភិជ្ឈា មានចិត្តប្រកបដោយព្យាបាទ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ចិត្តវិបត្តិ ។ ម្នាលភិក្ខុទាំងឡាយ ចុះទិដ្ឋិវិបត្តិ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាមិច្ឆាទិដ្ឋិ មានសេចក្តីយល់វិបរិតថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ។ បេ ។ ពួកស មណព្រាហ្មណ៍ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយ ប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយប្រកាសក្នុងលោកក៏មិនមាន ។ ម្នាលភិក្ខុ ទាំងឡាយ នេះហៅថា ទិដ្ឋិវិបត្តិ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែ សីលវិបត្តិ បានជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ក៏មាន ព្រោះហេតុតែចិត្តវិបត្តិ … ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែទិដ្ឋិវិបត្តិ បានជាសត្វទាំងឡាយ លុះបែកធ្លាយ រាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ក៏មាន ។