បឋមសោចេយ្យសូត្រទី ៨

ក្បាលទី 27 · ទំព័រ 463

ម្នាលភិក្ខុទាំងឡាយ ការស្អាតនេះ មាន ៣ យ៉ាង ។ ការស្អាត ៣ យ៉ាង ដូចម្តេចខ្លះ ។ គឺស្អាតកាយ ១ ស្អាតវាចា ១ ស្អាតចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះការស្អាតកាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកវៀរចាកការសម្លាប់សត្វ វៀរចាកការលួច ទ្រព្យគេ វៀរចាកការប្រព្រឹត្តខុសក្នុងកាម ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា ការស្អាតកាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះការស្អាតវាចា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ វៀរចាកការពោលពាក្យ កុហក វៀរចាកការពោលពាក្យញុះញង់ វៀរចាកការពោលពាក្យអាក្រក់ វៀរចាក ការពោលពាក្យឥតប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការស្អាត វាចា ។ ម្នាលភិក្ខុទាំងឡាយ ចុះការស្អាតចិត្ត តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកមិនច្រើនដោយអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការស្អាត ចិត្ត ។ ម្នាលភិក្ខុទាំងឡាយ ការស្អាតមាន ៣ យ៉ាងបុណ្ណេះ ។