កុសិនារសូត្រទី ១

ក្បាលទី 27 · ទំព័រ 472

សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងដងព្រៃឈ្មោះ ពលិហរណៈ ជិតក្រុងកុសិនារា ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធ ដីកានៃព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅនៅ អាស្រ័យនឹងស្រុក ឬនិគមណាមួយ ។ ឯគហបតី ឬគហបតិបុត្រ ចូលទៅរកភិក្ខុ នោះនិមន្តដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែល ចង់ឆាន់ ក៏ទទួលនិមន្ត ។ លុះកន្លងរាត្រីនោះទៅ ភិក្ខុនោះស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរក្នុងវេលាព្រឹក រួចចូលទៅកាន់លំនៅគហបតី ឬគហបតិបុត្រនោះ លុះចូលទៅដល់ហើយ អង្គុយលើអាសនៈដែលគេក្រាល បម្រុងទុក ។ គហបតី ឬគហបតិបុត្រនោះ ក៏និមន្តភិក្ខុនោះ ឲ្យឆាន់ឆ្អែត ស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ដោយដៃខ្លួនឯង ។ ភិក្ខុ នោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ប្រពៃណាស់ហ្ន៎ គហបតី ឬគហបតិបុត្រ នេះ និមន្តអញឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយខាទនីយ-ភោជនីយាហារដ៏ផ្ចិតផ្ចង់ ដោយដៃខ្លួនឯង ។ ភិក្ខុនោះ ក៏គិតយ៉ាងនេះទៀតថា ធ្វើម្តេចហ្ន៎ នឹង បានគហបតី ឬ គហបតិបុត្រនេះ និមន្តអញឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយ ខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់មានទំនងយ៉ាងនេះ ដោយដៃខ្លួនឯងតទៅទៀត អេះ ។ ភិក្ខុនោះ មានចិត្តផ្តេកផ្តួល ជ្រុលជ្រប់ ល្មោភ ជាអ្នកមិន ឃើញទោស មិនមានបញ្ញាជាគ្រឿងរលាស់ខ្លួនចេញ បរិភោគនូវបិណ្ឌបាត នោះ ។