អដ្ឋកថាកុសិនារសូត្រ

ក្បាលទី 27 · ទំព័រ 475

គប្បីជ្រាបវិនិច្ឆ័យក្នុងកុសិនារសូត្រទី ១ នៃកុសិនារវគ្គទី ៣ ដូចតទៅ បទថា កុសិនារាយំ បានដល់ ក្នុងព្រះនគរដែលមានឈ្មោះ យ៉ាងនេះ ។ បទថា ពលិហរណេ វនសណ្ឌេ បានដល់ ក្នុងដងព្រៃដែល មានឈ្មោះយ៉ាងនេះ ។ បានឮថា មនុស្សទាំងឡាយនាំពលីកម្មទៅ ដើម្បី ពលីកម្មដល់ភូតក្នុងដងព្រៃនោះ ព្រោះដូច្នោះ ទើបដងព្រៃនោះជនទាំងឡាយ ហៅថា ពលិហរណ ។ បទថា អាកង្ខមានោ បានដល់ ប្រាថ្នា ។ បទថា សហត្ថា បានដល់ ដោយដៃរបស់ខ្លួន ។ បទថា សម្បវារេតិ សេចក្តីថា ឃាត់ដោយវាចាថា ល្មមហើយ ល្មមហើយ និងដោយការរាដៃ ។ បទថា សាធុ វត មាយំ សេចក្តីថា ល្អពិតហ្ន៎ គហបតី ឬបុត្តគហបតីនេះ អង្គាសអាត្មាអញឲ្យឆ្អែតស្កប់ស្កល់ ។ បទថា គធិតោ សេចក្តី ថា ជាប់ចិត្តដោយការត្រេកអរ ដោយអំណាចតណ្ហា ។ បទថា មុច្ឆិតោ បានដល់ ងប់ជ្រប់ហើយ ដោយអំណាចការងប់ជ្រប់នៃតណ្ហានោះឯង ។ បទថា អជ្ឈោបន្នោ សេចក្តីថា លេបចូលទៅឲ្យសម្រេច ដោយអំណាច តណ្ហា ។ បទថា និស្សរណប្បញ្ញោ សេចក្តីថា ភិក្ខុដែលលះឆន្ទរាគៈហើយ ឆាន់ភត្តដោយទាញចេញអំពីការជាប់ក្នុងរស ទើបឈ្មោះថា ជាអ្នកមានបញ្ញា ជាគ្រឿងរលាស់ចេញ ភិក្ខុនេះ មិនដូច្នោះឡើយ លោកនៅមានឆន្ទរាគៈ ឆាន់អាហារ ព្រោះដូច្នោះ ទើបឈ្មោះថា និស្សរណប្បញ្ញោ ។ ធម៌ក្នុង សុក្កបក្ខ បណ្ឌិតគប្បីជ្រាបដោយផ្ទុយពីបរិយាយ ដូចពោលហើយ ។ ម្យ៉ាងទៀត ក្នុងព្រះសូត្រនេះ គប្បីជ្រាបថា ទ្រង់ត្រាស់នេក្ខម្មវិតក្កជាដើមលាយឡំ គ្នា ដូច្នេះ ។