អដ្ឋកថាភរណ្ឌុសូត្រ

ក្បាលទី 27 · ទំព័រ 487

គប្បីជ្រាបវិនិច្ឆ័យក្នុងភរណ្ឌុសូត្រទី ៤ ដូចតទៅនេះ បទថា កេវលកប្បំ បានដល់ ក្នុងទិសជុំវិញ ។ បទថា អាហិណ្ឌន្តោ បានដល់ ទ្រង់ត្រាច់ទៅ ។ បទថា ន អទ្ទស សេចក្តីថា ព្រោះហេតុអ្វី ទើបព្រះបាទ មហានាមសក្យៈទ្រង់បានជួប ។ បានឮថា ភរណ្ឌុកាលាមតាបសនេះទំពាឆាន់ បិណ្ឌបាតដ៏ប្រសើរស្តេចសក្យៈទាំងឡាយត្រាច់ទៅ ។ ព្រះមានព្រះភាគទ្រង់ ជ្រាបថា ក្នុងកាលដែលទ្រង់យាងដល់លំនៅរបស់តាបសនោះ ព្រះធម្មទេសនាមួយកណ្ឌនឹងកើតឡើង ទើបទ្រង់អធិដ្ឋានមិនឲ្យទីសម្រាកដទៃប្រាកដ ព្រោះដូច្នោះ ទើបសក្យមហានាមមិនឃើញ ។ បទថា បុរាណសព្រហ្មចារី បានដល់ ធ្លាប់ជាអ្នករួមប្រព្រឹត្តព្រហ្មចរិយៈជាមួយគ្នាមកអំពីមុន បានឮថា ភរណ្ឌុកាឡាមតាបសនោះ បាននៅក្នុង អាស្រមនោះ ក្នុងសម័យអាឡារតាបសកាលាមគោត្រ ។ ព្រះធម្មសង្គាហកាចារ្យពោលសំដៅដល់តាបសនោះឯង ។ បទថា សន្ថរំ បញ្ញាបេហិ អធិប្បាយថា អ្នកចូរក្រាលអាសនៈដែលត្រូវក្រាល ។ បទថា សន្ថរំ បញ្ញាបេត្វា សេចក្តីថា ក្រាលសំពត់សម្រាប់ក្រាលដេកលើគ្រែដែលជា កប្បិយ ។ ការឈានកន្លង ឈ្មោះថា បរិញ្ញា ក្នុងបទថា កាមានំ បរិញ្ញំ បញ្ញាបេតិ នេះ ព្រោះដូច្នោះ ទើបសាស្តាពួកខ្លះ បញ្ញត្តការឈានកន្លង កាមទាំងឡាយថា ជាបឋមជ្ឈាន ។ បទថា ន រូបនំ បរិញ្ញំ សេចក្តីថា មិនបញ្ញត្តធម៌ដែលជាហេតុឈានកន្លងនូវរូបថា ជាអរូបាវចរសមាបត្តិ ។ បទថា ន វេទនានំ បរិញ្ញំ សេចក្តីថា មិនបញ្ញត្តិការឈានកន្លងវេទនាថា ជានិព្វាន គតិ គឺការសម្រេច ឈ្មោះថា និដ្ឋា ។ បទថា ឧទាហុ បុថុ សេចក្តីថា ឬផ្សេងគ្នា ។