អដ្ឋកថាហត្ថកសូត្រ

ក្បាលទី 27 · ទំព័រ 491

គប្បីជ្រាបវិនិច្ឆ័យក្នុងហត្ថកសូត្រទី ៥ ដូចតទៅនេះថា អភិក្កន្ត សព្ទ ក្នុងបទថា អភិក្កន្តាយ រត្តិយា នេះ ប្រាកដក្នុងអត្ថទាំង ឡាយ មានអស់ទៅ ល្អ ស្អាត និងការត្រេកអរក្រៃលែងជាដើម ។ ក្នុងអត្ថទាំងនោះ អភិក្កន្ត សព្ទ ដែលប្រាកដក្នុងអត្ថថាអស់ទៅ ដូចក្នុង ប្រយោគជាដើមថា អភិក្កន្តា ភន្តេ រត្តិ និក្ខន្តោ បឋមោ យាមោ ចិរនិសិន្នោ ភិក្ខុសង្ឃោ បពិត្រព្រះអង្គដ៏ចម្រើន វេលារាត្រីបឋមយាមកន្លងទៅ ហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ ។ ប្រាកដក្នុងអត្ថថា ល្អ ដូចក្នុង ប្រយោគជាដើមថា អយំ ឥមេសំ ចតុន្នំ បុគ្គលានំ អភិក្កន្តតរោ ច បណីតតរោ ច បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលនេះចាត់ថា ល្អជាង ផង ប្រសើរជាងផង ។ ប្រាកដក្នុងអត្ថថា ស្អាត ដូចក្នុងប្រយោគជាដើមថា កោ មេ វន្ទតិ បទានិ ឥទ្ធិយា យសសា ជលំ អភិក្កន្តេន វណ្ណេន សព្វា ឱភាសយំ ទិសា អ្នកណាហ្ន៎ រុងរឿងដោយឫទ្ធិ និងយស មានសម្បុរល្អ ញ៉ាំងទិសទាំងពួងឲ្យភ្លឺ មកថ្វាយបង្គំបាទានៃតថាគត ។ ប្រាកដក្នុងអត្ថថា ត្រេកអរក្រៃលែង ដូចក្នុងប្រយោគជាដើមថា អភិក្កន្តំ ភន្តេ បពិត្រព្រះគោតម ដ៏ចម្រើន ភាសិតរបស់ព្រះអង្គ ច្បាស់ណាស់ តែក្នុងបទថា អភិក្កន្តាយ រត្តិយា នេះ អភិក្កន្ត សព្ទ ប្រាកដក្នុងអត្ថថា ល្អ ។ ដោយហេតុនោះ ទើបលោកពោលពង្រីកសេចក្តីថា បទថា អភិក្កន្តាយ រត្តិយា សេចក្តីថា ក្នុងរាត្រីដែលគួរប្រាថ្នា គួរស្រឡាញ់ គួរពេញចិត្ត ។ ភិក្កន្ត សព្ទ ក្នុងបទថា អភិក្កន្តវណ្ណា នេះ ប្រាកដក្នុងអត្ថថា ស្អាត ។ ឯ វណ្ណ សព្ទ ប្រាកដក្នុងអត្ថ មានជាដើមថា ពណ៌សម្បុរ គួរ សរសើរ ពួកត្រកូល ហេតុ សណ្ឋាន ប្រមាណ និងរូបាយតនៈ ។