កដុវិយសូត្រទី ៦

ក្បាលទី 27 · ទំព័រ 497

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី ។ គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរក្នុងវេលាបុព្វណ្ហសម័យ ទ្រង់ចូលទៅកាន់ក្រុងពារាណសី ដើម្បីបិណ្ឌបាត ។ កាលព្រះដ៏មានព្រះភាគទ្រង់ស្តេចទៅបិណ្ឌបាតក្នុងសម្នាក់ នៃមិលក្ខជន អ្នកលក់គោ ទ្រង់បានឃើញភិក្ខុមួយរូប មានសេចក្តីត្រេកអរតិ ច មានសេចក្តីត្រេកអរខាងក្រៅ ប្រាសចាកសតិ មិនមានប្រាជ្ញា មានចិត្ត មិនតាំងមាំ មានចិត្តរវើរវាយ មានឥន្ទ្រិយជាប្រក្រតី ( មិនរក្សាឥន្ទ្រិយ ) លុះទតឃើញហើយ ទ្រង់មានព្រះវាចានឹងភិក្ខុនោះ ដូច្នេះថា ម្នាលភិក្ខុ អ្នក កុំធ្វើខ្លួនឲ្យស្អុយឡើយ ម្នាលភិក្ខុ ពួករុយនឹងមិនចោមហើរតាម នឹងមិនតាម ចោមស៊ីនូវខ្លួនដែលធ្វើឲ្យស្អុយ ដែលប្រឡាក់វត្ថុ មានក្លិនឆ្អេះឆ្អាបនោះ ហេតុនុ៎ះ មិនមានទេ ។ លំដាប់នោះឯង ភិក្ខុនោះ លុះព្រះដ៏មានព្រះភាគ ទូន្មានដោយឱវាទនេះហើយ ក៏ដល់នូវសេចក្តីសំវេគ ( បានជាសោតាបន្នបុគ្គល ) ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្តេចទៅដើម្បីបិណ្ឌបាត ក្នុងក្រុងពារាណសី លុះស្តេចត្រឡប់មកអំពីបិណ្ឌបាតក្នុងវេលាខាងក្រោយ ភត្ត ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងទីឯណោះ តថាគតបានស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយ ចូលទៅកាន់ក្រុងពារាណសី ដើម្បីបិណ្ឌបាត ម្នាលភិក្ខុទាំងឡាយ កាល តថាគតត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងសម្នាក់នៃមិលក្ខជន អ្នកលក់គោ ក៏បាន