អនុរុទ្ធសូត្រទី ៧
គ្រានោះ ព្រះអនុរុទ្ធដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអនុរុទ្ធដ៏មានអាយុ គង់ក្នុង ទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គមានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់ចក្ខុ ជារបស់មនុស្សធម្មតា ឃើញមាតុគ្រាម ដែលបែកធ្លាយរាងកាយស្លាប់ទៅ ច្រើនតែទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ។ បពិត្រព្រះអង្គដ៏ចម្រើន មាតុគ្រាមប្រកបដោយធម៌បុន្មានយ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅ កើតឯអបាយ ទុគ្គតិ វិនិបាត នរក ។ ព្រះដ៏មានព្រះភាគត្រាស់តបថា ម្នាល អនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៣ យ៉ាង លុះបែកធ្លាយរាងកាយស្លាប់ ទៅ តែងទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ។ ប្រកបដោយធម៌ ៣ យ៉ាង ដូចម្តេចខ្លះ ។ ម្នាលអនុរុទ្ធ ក្នុងលោកនេះ មាតុគ្រាមរមែងមានចិត្តត្រ ូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ក្នុងបុព្វណ្ហសម័យ ១ រមែងមានចិត្តត្រូវឥស្សារួបរឹត នៅគ្រប់គ្រងផ្ទះ ក្នុងមជ្ឈន្តិកសម័យ ១ រមែង មានចិត្តត្រូវកាមរាគៈរួបរឹត នៅគ្រប់គ្រងផ្ទះ ក្នុងសាយ័ណ្ហសម័យ ១ ។ ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៣ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ។