បដិច្ឆន្ថសូត្រទី ៩

ក្បាលទី 27 · ទំព័រ 505

ម្នាលភិក្ខុទាំងឡាយ វត្ថុ ៣ យ៉ាងនេះ បិទបាំងទើបប្រសើរ បើកផ្សាយមិនប្រសើរ ។ វត្ថុ ៣ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ គឺ មាតុគ្រាមបិទបាំងទើបប្រសើរ បើកផ្សាយ មិនប្រសើរ ១ ម្នាលភិក្ខុទាំងឡាយ មន្តរបស់ពួកព្រាហ្មណ៍ លាក់ទើបប្រសើរ បើកផ្សាយ មិនប្រសើរ ១ ម្នាល ភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ បិទបាំងទើបប្រសើរ បើកផ្សាយ មិនប្រសើរ ១ ។ ម្នាលភិក្ខុទាំងឡាយ វត្ថុ ៣ យ៉ាងនេះឯង បិទបាំង ទើបប្រសើរ បើកផ្សាយ មិនប្រសើរទេ ។ ម្នាលភិក្ខុទាំងឡាយ វត្ថុ ៣ យ៉ាងនេះ បើកទើបរុងរឿង បិទមិនរុងរឿងទេ ។ វត្ថុ ៣ យ៉ាងគឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ គឺមណ្ឌល ព្រះចន្រ្ទបើកទើបរុងរឿង បិទមិនរុងរឿង ១ ម្នាលភិក្ខុទាំងឡាយ មណ្ឌល ព្រះអាទិត្យ បើកទើបរុងរឿង បិទមិនរុងរឿង ១ ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យដែលតថាគតសម្តែងហើយ បើកទើបរុងរឿង បិទមិនរុងរឿង ១ ។ ម្នាល ភិក្ខុទាំងឡាយ វត្ថុ ៣ យ៉ាងនេះឯង បើកទើបរុងរឿង បិទមិនរុងរឿងទេ ។