តតិយអស្សសូត្រទី ១០

ក្បាលទី 27 · ទំព័រ 530

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវសេះអាជានេយ្យ ដ៏ល្អ ៣ ពួកផង នូវបុរសអាជានេយ្យដ៏ល្អ ៣ ពួកផង ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសម្តែង ។ ភិក្ខុ ទាំងនោះ ទទួលព្រះតម្រាស់នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ចុះសេះអាជានេយ្យដ៏ល្អ ៣ ពួក តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ល្អខ្លះ ក្នុងលោកនេះ ។ បេ ។ ជាវាហនៈ បរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង បរិបូណ៌ ដោយកម្ពស់ និងមាឌផង ១ ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ល្អ មាន ៣ ពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសអាជានេយ្យ ៣ ពួក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ល្អខ្លះ ក្នុងលោកនេះ ។ បេ ។ បរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង បរិបូណ៌ដោយ កម្ពស់ និងមាឌផង ១ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសអាជានេយ្យដ៏ល្អ ជាអ្នកបរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង បរិបូណ៌ដោយ កម្ពស់ និងមាឌផង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើឲ្យជាក់ច្បាស់សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេច សម្រាន្តនៅ ។ តថាគតហៅថា នេះជាល្បឿនរបស់ភិក្ខុនោះ ។ ភិក្ខុនោះ បើ គេសាកសួរប្រស្នា ក្នុងអភិធម្ម ក្នុងអភិវិន័យ រមែងដោះស្រាយរួច មិន ស្ងៀមស្ងាត់ ។