បឋមមោរនិវាបសូត្រទី ១១

ក្បាលទី 27 · ទំព័រ 532

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងបរិព្វាជការាម ជាមោរនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះទទួល ព្រះតម្រាស់នៃព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាង ឈ្មោះថា ជាអ្នកមានសេចក្តីចូលចិត្តដាច់ស្រេច មានសេចក្តីក្សេមចាក យោគៈដាច់ស្រេច មានព្រហ្មចរិយៈដាច់ស្រេច មានទីបំផុតដាច់ស្រេច ប្រសើរបំផុតជាងទេវតា និងមនុស្សទាំងឡាយ ។ ប្រកបដោយធម៌ ៣ យ៉ាង គឺអ្វីខ្លះ ។ គឺប្រកបដោយអសេក្ខសីលក្ខន្ធ ១ អសេក្ខសមាធិក្ខន្ធ ១ អសេក្ខបញ្ញាខន្ធ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាងនេះឯង ឈ្មោះថាជាអ្នកមានសេចក្តីចូលចិត្តដាច់ស្រេច មានសេចក្តីក្សេមចាកយោគៈ ដាច់ស្រេច មានព្រហ្មចរិយៈដាច់ស្រេច មានទីបំផុតដាច់ស្រេច ជាអ្នក ប្រសើរបំផុតជាងទេវតា និងមនុស្សទាំងឡាយ ។ ៥