តតិយមោរនិវាបសូត្រទី ១៣

ក្បាលទី 27 · ទំព័រ 535

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាង ឈ្មោះ ថា ជាអ្នកមានសេចក្តីចូលចិត្តដាច់ស្រេច មានសេចក្តីក្សេមចាកយោគៈដាច់ស្រេច មានព្រហ្មចរិយៈដាច់ស្រេច មានទីបំផុតដាច់ស្រេច ជាអ្នកប្រសើរ បំផុតជាងទេវតា និងមនុស្សទាំងឡាយ ។ ប្រកបដោយធម៌ ៣ យ៉ាងគឺអ្វីខ្លះ ។ គឺប្រកបដោយសម្មាទិដ្ឋិ ( ការយល់ប្រពៃ ) ១ សម្មាញាណ ( ការដឹងប្រពៃ ) ១ សម្មាវិមុត្តិ ( ការរួចចាកកិលេសដោយប្រពៃ ) ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាងនេះឯង ឈ្មោះថា ជាអ្នកមានសេចក្តី ចូលចិត្តដាច់ស្រេច មានសេចក្តីក្សេមចាកយោគៈដាច់ស្រេច មានព្រហ្មចរិយៈ ដាច់ស្រេច មានទីបំផុតដាច់ស្រេច ជាអ្នកប្រសើរបំផុត ជាងទេវតា និង មនុស្សទាំងឡាយ ។ យោធាជីវវគ្គទី ៤ ចប់ ឧទ្ទាននៃយោធាជីវវគ្គនោះ គឺ និយាយអំពីយោធាជីវៈ ១ អំពីបរិសទ្យ ១ អំពីមិត្ត ១ អំពី ព្រះតថាគតកើតឡើង ១ អំពីសំពត់កម្ពលដែលត្បាញ ដោយសក់មនុស្ស ១ អំពីសម្បទាមានសទ្ធាជាដើម ១ អំពី វុឌ្ឍិ ១ អំពីសេះមាន ៣ លើក ១ អំពីព្រះដ៏មានបុណ្យនៅក្នុង បរិព្វាជការាម ជាមោរនិវាបស្ថាន មាន ៣ លើក ១ ។