អដ្ឋកថា បឋមខតសូត្រទី ៥

ក្បាលទី 27 · ទំព័រ 541

ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ជាអ្នកមិនឆ្លៀវឆ្លាស ជា អសប្បុរស ប្រកបដោយធម៌ ៣ យ៉ាង រមែងរក្សាខ្លួនដែលខ្លួនគាស់រម្លើង ផ្តាច់ផ្តិល ( នូវគុណ ) ជាអ្នកប្រកបដោយទោសផង ប្រកបដោយដំនៀល របស់អ្នកប្រាជផង រមែងបាននូវបាបជាច្រើនផង ។ ប្រកបដោយធម៌ ៣ យ៉ាង គឺអ្វីខ្លះ ។ គឺប្រកបដោយកាយកម្មជាអកុសល ១ វចីកម្មជាអកុសល ១ មនោកម្មជាអកុសល ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ជាអ្នកមិន ឆ្លៀវឆ្លាស ជាអសប្បុរស ប្រកបដោយធម៌ ៣ យ៉ាងនេះឯង រមែងរក្សាខ្លួន ដែលខ្លួនគាស់រម្លើងផ្តាច់ផ្តិល ( នូវគុណ ) ជាអ្នកប្រកបដោយទោសផង ប្រកបដោយដំនៀលរបស់អ្នកប្រាជផង រមែងបាននូវបាបជាច្រើនផង ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតជាអ្នកឆ្លៀវឆ្លាស ជាសប្បុរស ប្រកបដោយធម៌ ៣ យ៉ាង រមែងរក្សាខ្លួនដែលមិនគាស់រម្លើង មិនផ្តាច់ផ្តិល ( នូវគុណ ) ជាអ្នកមិនមានទោសផង មិនមានដំនៀលរបស់អ្នកប្រាជផង រមែងបាននូវ បុណ្យជាច្រើនផង ។ ប្រកបដោយធម៌ ៣ យ៉ាង គឺអ្វីខ្លះ ។ គឺប្រកបដោយ កាយកម្មជាកុសល ១ វចីកម្មជាកុសល ១ មនោកម្មជាកុសល ១ បេ ។