សុបុព្វណ្ណសូត្រទី ១០

ក្បាលទី 27 · ទំព័រ 545

ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយណា ប្រព្រឹត្តសុចរិត ដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ក្នុងបុព្វណ្ហសម័យ ម្នាលភិក្ខុទាំងឡាយ សត្វទាំងនោះ ឈ្មោះថាមានបុព្វណ្ហសម័យដ៏ល្អ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយណា ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្ត សុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ក្នុងមជ្ឈន្តិកសម័យ ម្នាលភិក្ខុ ទាំងឡាយ សត្វទាំងនោះ ឈ្មោះថា មានមជ្ឈន្តិកសម័យដ៏ល្អ ម្នាលភិក្ខុ ទាំងឡាយ សត្វទាំងឡាយណា ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិត ដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ក្នុងសាយ័ណ្ហសម័យ ម្នាលភិក្ខុទាំងឡាយ សត្វទាំងនោះ ឈ្មោះថា មានសាយ័ណ្ហសម័យដ៏ល្អ ។ ពេលណាដែលសត្វទាំងឡាយ ប្រព្រឹត្តល្អដោយកាយ វាចាចិត្ត ពេលនោះ ឈ្មោះថា នក្ខត្តឫក្សល្អ មង្គលល្អ ពេលភ្លឺស្វាងល្អ ពេលនៃអរុណរះឡើងល្អ ខណៈល្អ យាមល្អ ( ទានដែលបុគ្គលបូជា ) ដល់ព្រហ្មចារីបុគ្គល ទាំងឡាយ ( ក្នុងពេលនោះ ) ឈ្មោះថាជាគ្រឿងបូជា ល្អ ( ក្នុងថ្ងៃនោះ ) កាយកម្មឈ្មោះថា នាំឲ្យមានសេចក្តី ចម្រើន វចីកម្ម ក៏ឈ្មោះថា នាំឲ្យមានសេចក្តីចម្រើន មនោកម្ម ក៏ឈ្មោះថា នាំឲ្យមានសេចក្តីចម្រើន សេចក្តី ប្រាថ្នាទាំងឡាយ របស់អ្នកទាំងនោះ ក៏ឈ្មោះថានាំឲ្យ មានសេចក្តីចម្រើន បុគ្គលដែលបានធ្វើនូវកាយកម្ម វចីកម្ម មនោកម្ម គួរដល់សេចក្តីចម្រើនហើយ រមែង បាននូវប្រយោជន៍ដ៏ចម្រើនទាំងឡាយ ។ អ្នកទាំងឡាយ នោះ ចូរបាននូវប្រយោជន៍ បាននូវសេចក្តីសុខ ចូរ ចម្រើនក្នុងព្រះពុទ្ធសាសនា ចូរកុំឲ្យមានរោគ ឲ្យបាន នូវសេចក្តីសុខ ព្រមទាំងញាតិទាំងឡាយគ្រប់គ្នា ។ មង្គលវគ្គទី ៥ ចប់ ឧទ្ទាននៃមង្គលវគ្គនោះ គឺ និយាយអំពីបុគ្គល