អដ្ឋកថាសុបុព្វណ្ណសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសុបុព្វណ្ញសូត្រទី ១០ ដូចតទៅនេះ ក្នុងពាក្យជាដើមថា សុនក្ខត្តំ ថ្ងៃដែលមនុស្សទាំងឡាយបំពេញសុចរិតធម៌ ទាំង ៣ ឲ្យបរិបូណ៌ ឈ្មោះថា ជាថ្ងៃដែលបាននូវការប្រកបនក្ខត្តឫក្ស ព្រោះ ដូច្នោះ ទើបព្រះមានព្រះភាគត្រាស់ថា ថ្ងៃនោះ មានឫក្សល្អគ្រប់កាល ។ ថ្ងៃនោះឯង ឈ្មោះថា ជាថ្ងៃធ្វើមង្គលហើយ ព្រោះដូច្នោះ ទើបព្រះមានព្រះភាគ ត្រាស់ថា ថ្ងៃនោះ មានមង្គលល្អគ្រប់កាល ។ ថ្ងៃដែលមានពន្លឺពេញមួយថ្ងៃ ឈ្មោះថា សុបភាតំ មានការភ្លឺជាប្រចាំ ។ សូម្បីការក្រោកឡើងអំពីការដេក នៃថ្ងៃនោះ ក៏ឈ្មោះថា សុហុដ្ឋិតំ គឺក្រោកឡើងដោយល្អ ។ ខណៈនៃ ថ្ងៃនោះ ក៏ឈ្មោះថា សុក្ខណោ គឺខណៈល្អ ។ យាមនៃថ្ងៃនោះ ក៏ឈ្មោះថា សុមុហុត្តោ គឺយាមល្អ ។ ក្នុងបទថា សុមុហុត្តោ នេះ គប្បីជ្រាបការចែកពេលដូច្នេះ វេលា ប្រមាណ ១០ ធ្នាប់ ឈ្មោះថា ខណៈ វេលា ១០ ធ្នាប់ដោយខណៈនោះ ឈ្មោះថា លយ វេលា ១០ លយៈ ដោយលយៈនោះ ឈ្មោះថា ខណលយ ។ វេលា ១០ ដង ដោយខណៈលយៈនោះ ឈ្មោះថា មុហុត្ត ។ វេលា ១០ ដងដោយមុហុត្តនោះ ឈ្មោះថា ខណមុហុត្ត ។ បទថា សុយិដ្ឋំ ព្រហ្មចារិសុ សេចក្តីថា ទានដែលបុគ្គលឲ្យក្នុងអ្នក ប្រព្រឹត្តធម៌ដ៏ប្រសើរ ក្នុងថ្ងៃដែលបំពេញសុចរិត ៣ ឲ្យបរិបូណ៌ហើយ ឈ្មោះ ថា សុយិដ្ឋំ ។ បទថា បទក្ខិណំ កាយកម្មំ សេចក្តីថា កាយកម្មដែល បុគ្គលធ្វើហើយក្នុងថ្ងៃនោះ ឈ្មោះថា ជាកាយកម្មប្រកបដោយសេចក្តីចម្រើន ក្នុងបទដ៏សេស ក៏មានន័យនេះដូចគ្នា ។ បទថា បទក្ខិណានិ កត្វាន សេចក្តីថា កាលធ្វើកាយកម្មជាដើមដែលប្រកបដោយសេចក្តីចម្រើនហើយ ។ បទថា លភន្តត្ថេ បទក្ខិណេ សេចក្តីថា នឹងបានប្រយោជន៍ដែលជា ប្រទក្សិណ គឺប្រយោជន៍ដែលប្រកបដោយសេចក្តីចម្រើននោះឯ