អដ្ឋកថាសូត្រមិនសេ្រង្គាះចូលក្ថុងបណ្ណាសក

ក្បាលទី 27 · ទំព័រ 559

សូត្រដែលមិនសង្គ្រោះចូលក្នុងបណ្ណាសក ក្នុងសូត្រទាំងឡាយ បន្ទាប់អំពីនេះទៅ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា អាគាឡា បដិបទា បានដល់ បដិបទាដែលធូរថយ គឺធូររលុង បានដល់ ប្រកាន់ដ៏មាំដោយអំណាចលោភៈ ។ បទថា និជ្ឈាមា បានដល់ បដិបទាដែលតឹងពេក គឺដុតខ្លួន ធ្វើខ្លួនឲ្យក្តៅ ដោយ អំណាចនៃអត្តកិលមថានុយោគ ។ បទថា មជ្ឈិមា បានដល់ បដិបទាដែល មិនធូរថយ មិនតឹង នៅត្រង់កណ្តាល ។ បទថា អចេលកោ គឺមិនមានសំពត់ បានដល់ ជាមនុស្សអាក្រាត ។ បទថា មុត្តាចារោ បានដល់ លះបង់អាចារៈ ។ បុគ្គលនោះវៀរចាកអាចារៈ របស់កុលបុត្រ ក្នុងផ្លូវលោភៈ ក្នុងកិច្ចផ្ទាល់ខ្លួនទាំងឡាយ មានការបន្ទោបង់ ឧច្ចារៈជាដើម ឈរបន្ទោបង់ឧច្ចារៈ ឈរបន្ទោបង់បស្សាវៈ ឈរទំពា ឈរ បរិភោគ ។ បទថា ហត្ថាវលេខនោ សេចក្តីថា កាលដុំបាយក្នុងដៃអស់ ហើយ អ្នកបួសអាក្រាត ដែលបដិបត្តិតឹងនោះ ក៏ប្រើអណ្តាតលិទ្ធដៃ ឬបើ មិនដូច្នោះទេ បន្ទោបង់ឧច្ចារៈហើយ ជាអ្នកមានសេចក្តីសម្គាល់ក្នុងដៃនោះ ឯងថាជាទឹក យកដៃជូតសំអាត ។ អ្នកបួសអាក្រាត ឈ្មោះថា ន ឯហិភទន្តិកោ ព្រោះអត្ថថា កាលមហាជនពោលថា អ្នកដ៏ចម្រើន សូមអ្នកមក ដើម្បីភិក្ខាចារ ដូច្នេះ ក៏មិនមក អ្នកបួសអាក្រាត ឈ្មោះថា ន តិដ្ឋភទន្តិកោ ព្រោះអត្ថថា កាលមហាជនពោលថា បើយ៉ាងនោះ និមន្តឈររង់ចាំសិន ក៏ មិនព្រមឈរ ។ បានឮថា អ្នកបួសអាក្រាតនោះ មិនព្រមធ្វើទាំងការមក និងការឈប់ឈរទាំង ២ នោះ ព្រោះខ្លាច និងជាការធ្វើតាមពាក្យរបស់ និគ្រន្ថនោះ ។ បទថា អភិហដំ បានដល់ ភិក្ខាដែលបុគ្គលនោះកាន់មកឲ្យ មុនខ្លួនទៅដល់ ។ បទថា ឧទ្ទិស្សកតំ បានដល់ ភិក្ខាដែលបុគ្គលនោះ ប្រាប់ថា មនុស្សទាំងនេះធ្វើឧទ្ទិសដល់ពួកអ្នក ។