អដ្ឋកថាអនុពុទ្ធសូត្រ
បឋមបណ្ណាសក គប្បីជ្រាបវិនិច្ឆ័យក្នុងអនុពុទ្ធសូត្រទី ១ នៃចតុក្កនិបាតដូច្នេះ ក្នុងបទថា អននុពោធា បានដល់ ព្រោះមិនដឹង ព្រោះមិនជ្រាប ។ បទថា អប្បដិវេធា បានដល់ ព្រោះមិនចាក់ធ្លុះ គឺព្រោះមិនធ្វើឲ្យប្រចក្ស ។ បទថា ទីឃមទ្ធានំ ប្រែថា អស់កាលយូរ ។ បទថា សន្ធាវិតំ បានដល់ ស្ទុះទៅ ដោយទៅអំពីភព ។ បទថា សំសរិតំ បានដល់ អន្ទោលទៅ ដោយមិន មករឿយៗ ។ បទថា មមព្ចោវ តុម្ហាកញ្ច ប្រែថា ដែលតថាគត និងអ្នក ទាំងឡាយ ។ ម្យ៉ាងទៀត ក្នុងបទថា សន្ធាវិតំ សំសរិតំ នេះ គប្បីជ្រាប អត្ថយ៉ាងនេះថា ការស្ទុះទៅ ការអន្ទោលទៅ មានហើយដល់តថាគត និង អ្នកទាំងឡាយ ។ បទថា អរិយស្ស បានដល់ មិនមានទោស ។ ធម៌ទាំង គឺសីល សមាធិ និងបញ្ញា គប្បីជ្រាបថា សម្បយុត្តដោយមគ្គនិងផល ។ ផលបុណ្ណោះ លោកសម្តែងដោយ ឈ្មោះថា វិមុត្តិ ។ បទថា ភវតណ្ហា បានដល់ តណ្ហាក្នុងភពទាំងឡាយ ។ បទថា ភវនេត្តិ បានដល់ តណ្ហា ដូចខ្សែចងសត្វទុកក្នុងភព ។ បទនោះ ជាឈ្មោះរបស់តណ្ហានោះឯង ។ ពិតហើយ តណ្ហានោះ នាំសត្វទាំងឡាយទៅកាន់ភពនោះៗ ដូចចង-កគោ ព្រោះដូច្នោះ ទើបតណ្ហានោះ លោកហៅថា ភវនេត្តិ ។ បទថា អនុត្តរា បានដល់ លោកុត្តរ ។ បទថា ទុក្ខស្សន្តករោ បានដល់ ទ្រង់ធ្វើទីបំផុតនៃ វដ្តទុក្ខ ។ បទថា ចក្ខុមា បានដល់ ទ្រង់មានចក្ខុដោយចក្ខុទាំង ៥ ។ បទថា បរិនិព្វុតោ បានដល់ បរិនិព្វានហើយ ដោយកិលេសប្បរិនិព្វាន ។ ទ្រង់បញ្ចប់ទេសនាតាមលំដាប់អនុសន្ធិថា នេះជាបរិនិព្វានលើកទី ១ របស់ ព្រះសាស្តា ត្រង់ពោធិមណ្ឌលដ្ឋាន ។