បឋមខតសូត្រទី ៣
ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលមិនឈ្លាសវៃ ជាអសប្បុរស ប្រកបដោយធម៌ ៤ យ៉ាង រមែងរក្សាខ្លួនដែលខ្លួនជីកគាស់កម្ចាត់គុណចោល ហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀលរបស់អ្នក ប្រាជទាំងឡាយផង បាននូវបាបដ៏ច្រើនផង ។ ធម៌ ៤ យ៉ាងតើដូចម្តេចខ្លះ ។ គឺបុគ្គលនោះ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយពោលសរសើរ បុគ្គលដែលគួរតិះដៀល ១ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយពោល តិះដៀលបុគ្គលដែលគួរសរសើរ ១ មិនបានពិចារណា ស្ទាបស្ទង់មើលហើយ កើតសេចក្តីជ្រះថ្លាក្នុងហេតុដែលមិនគួរជ្រះថ្លា ១ មិនបានពិចារណា ស្ទាបស្ទង់ មើលហើយ កើតសេចក្តីមិនជ្រះថ្លាក្នុងហេតុដែលគួរជ្រះថ្លា ១ ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលពាលមិនឈ្លាសវៃ ជាអសប្បុរសប្រកបដោយធម៌ទាំង ៤ យ៉ាងនេះឯង រមែងរក្សាខ្លួន ដែលខ្លួនជីកគាស់កម្ចាត់គុណចោលហើយ ជា អ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀលរបស់អ្នកប្រាជ ទាំងឡាយផង រមែងបាននូវបាបដ៏ច្រើនផង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរសប្រកបដោយធម៌ ៤ យ៉ាង រមែងរក្សា ខ្លួនដែលខ្លួនមិនបានជីកគាស់ មិនបានកម្ចាត់គុណចោល ជាអ្នកមិនមាន ទោសផង មិនមានសេចក្តីតិះដៀលរបស់អ្នកប្រាជទាំងឡាយផង តែងបាន នូវបុណ្យដ៏ច្រើនផង ។ ធម៌ ៤ តើដូចម្តេចខ្លះ ។ គឺបុគ្គលនោះ ពិចារណា ស្ទាបស្ទង់មើល រួចហើយ ទើបពោលតិះដៀលបុគ្គលដែលគួរតិះដៀល ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបពោលសរសើរបុគ្គលដែលគួរ សរសើរ ១ ពិចារណាស្ទាបស្ទង់មើលរួចហើយ ទើបកើតសេចក្តីមិនជ្រះថ្លា ក្នុងហេតុដែលមិនគួរជ្រះថ្លា ១ ពិចារណាស្ទាបស្ទង់មើលរួចហើយ ទើបកើត សេចក្តីជ្រះថ្លាក្នុងហេតុដែលគួរជ្រះថ្លា ១ ។