អដ្ឋកថាបឋមខតសូត្រ

ក្បាលទី 27 · ទំព័រ 574

បឋមខតសូត្រទី ៣ ពោលក្នុងអដ្ឋកថាទុកនិបាតហើយ ។ ឯក្នុងគាថា គប្បីជ្រាបវិនិច្ឆ័យដូច្នេះ បទថា និន្ទិយំ បានដល់ បុគ្គលដែល គួរនិន្ទា។ បទថា និន្ទតិ បានដល់ រមែងតិះដៀល ។ បទថា បសំសិយោ បានដល់ បុគ្គលគួរសរសើរ ។ បទថា វិចិនាតិ មុខេន សោ កលឹ សេចក្តីថា បុគ្គលនោះប្រព្រឹត្តយ៉ាងនេះហើយ ឈ្មោះថា រមែងជ្រើសរើស ដោយមាត់នោះ ។ បទថា កលិនា តេន សុខំ ន វិន្ទតិ សេចក្តីថា បុគ្គល នោះរមែងមិនបាននូវសេចក្តីសុខ ព្រោះទោសនោះ ។ បទថា សព្វស្សាបិ សហាបិ អត្តនា សេចក្តីថា ការចាក់ភ្នាល់ ខូចទាំងទ្រព្យរបស់ខ្លួនគ្រប់ យ៉ាងផង ទាំងខ្លួនឯងផង ឈ្មោះថា ជាទោសប្រមាណតិចតួច ។ បទថា យោ សុគតេសុ សេចក្តីថា ឯបុគ្គលណា គប្បីធ្វើចិត្តគិតប្រទូស្តក្នុងបុគ្គល ទាំងឡាយ ដែលប្រព្រឹត្តទៅដោយប្រពៃហើយ ការមានចិត្តប្រទូស្តរបស់ បុគ្គលនោះឯង មានទោសច្រើនជាងទោសនោះ ។ ឥឡូវនេះ កាលទ្រង់ សម្តែងការមានចិត្តប្រទូស្តនោះ មានទោសច្រើនជាង ទើបត្រាស់ថា សតំ សហស្សានំ ជាដើម ។ បណ្តាបទទាំងនោះ បទថា សតំ សហស្សានំ បានដល់ អស់សែនដោយការរាប់តាមនិរព្វុទៈ ។ បទថា ឆត្តឹសតិ បានដល់ ៣៦ និរព្វុទៈ ។ បទថា បញ្ច ច គឺ ៥ អព្វុទៈ ដោយការរាប់តាមអព្វុទៈ ។ បទថា យមរិយំ គរហិ សេចក្តីថា បុគ្គលកាលតិះដៀលព្រះអរិយៈទាំងឡាយ រមែងចូលដល់នរកណា ក្នុងនរកនោះ ប្រមាណអាយុមានបុណ្ណេះ ។