អដ្ឋកថាទុតិយខតសូត្រ

ក្បាលទី 27 · ទំព័រ 577

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយខតសូត្រទី ៤ ដូចតទៅនេះ បទថា មាតរិ បិតរិ ច ជាដើម នាយមិត្តវិន្ទុកៈ ឈ្មោះថា បដិបត្តិខុសក្នុងមាតា ។ ព្រះបាទអជាតសត្តុ ឈ្មោះថា បដិបត្តិខុសក្នុងបិតា ។ ទេវទត្ត ឈ្មោះថា បដិបត្តិខុសក្នុងព្រះតថាគត ។ កោកាលិកៈ ឈ្មោះថា បដិបត្តិខុសក្នុងសាវ័ក របស់ព្រះតថាគត ។ បទថា ពហុញ្ច ប្រែថា ច្រើន ។ បទថា បសវតិ ប្រែថា រមែងបាន ។ បទថា តាយ សេចក្តីថា ដោយការប្រព្រឹត្តធម៌ ពោលគឺ បដិបត្តិខុសនោះ ។ បទថា បេច្ច គឺទៅអំពីលោកនេះ ។ បទថា អបយញ្ច គច្ឆតិ គឺបុគ្គលកាលកើតឡើងក្នុងនរកជាដើមណាមួយ ។ ឯ ក្នុងសុក្កបក្ខ ក៏មានន័យដូចគ្នា ។