អធិប្បាយសុត្ត្វ និងគេយ្យ្វជាដើម
អធិប្បាយ សុត្តៈ និងគេយ្យៈជាដើម គប្បីជ្រាបវិនិច្ឆ័យក្នុងអប្បសុតសូត្រទី ៦ ដូចតទៅនេះ បទថា អនុបបន្នោ ប្រែថា មិនចូលដល់ ។ ក្នុងបទថា សុត្តំ ជាដើមនេះ ឧភតោ វិភង្គ និទ្ទេស ខន្ធកៈ បរិវារ សុត្តនិបាត មង្គលសូត្រ រតនសូត្រ នាលកសូត្រ តុវដ្តកសូត្រ ព្រះតម្រាស់របស់ព្រះតថាគតដទៃ មានឈ្មោះថាសូត្រ គប្បីជ្រាបថា សុត្ត ។ ព្រះសូត្រដែលមានគាថាទាំងអស់ គប្បីជ្រាបថា គេយ្យៈ ។ ដោយចំពោះយ៉ាងក្រៃលែង ក្នុងសំយុត្តនិកាយ សគាថវគ្គ ទាំងអស់ អភិធម្មបិដកទាំងអស់ សូត្រដែលមិនមានគាថា ព្រះពុទ្ធវចនៈដទៃ ដែលមិនសង្គ្រោះនឹងអង្គ ៨ ដទៃ គប្បីជ្រាបថា វេយ្យាករណ៍ ។ ធម្មបទ ថេរគាថា ថេរីគាថា និងគាថាសុទ្ធ មិនមានឈ្មោះព្រះសូត្រ ក្នុងសុត្តនិបាត គប្បីជ្រាបថា ជាគាថា ។ ព្រះសូត្រ ៨២ ដែលប្រកបដោយគាថា ដែល សម្រេចមកអំពីសោមនស្សញ្ញាណ គប្បីជ្រាបថា ឧទាន ។ ព្រះសូត្រ ១១០ ដែលប្រព្រឹត្តទៅដោយន័យជាដើមថា វុត្តមិទំ ភគវតា ដូច្នេះ គប្បីជ្រាបថា ជា ឥតិវុត្តក ។ ជាតក ៥៥០ មានអបណ្ណកជាតកជាដើម គប្បីជ្រាបថា ជាតក ។ ព្រះសូត្រដែលប្រកបដោយធម៌ដែលគួរអស្ចារ្យ មិនធ្លាប់មានទាំងអស់ ដែលប្រព្រឹត្តទៅដោយន័យជាដើមថា ចត្តារោ មេ ភិក្ខវេ អច្ឆរិយា អព្ភុតធម្មា អានន្ទេ គប្បីជ្រាបថា អព្ភូតធម៌ ។ ព្រះសូត្រទាំងពួងដែល សួរហើយ បាននូវការចេះដឹង និងការត្រេកអរ មានចូឡវេទល្លសូត្រ មហាវេទល្លសូត្រ និងសម្មាទិដ្ឋិសូត្រ សក្កប្បញ្ញសូត្រ សង្ខារភាជនីយសូត្រ មហាបុណ្ណមសូត្រជាដើម គប្បីជ្រាបថា វេទល្ល ។