យោគសូត្រទី ១០
ម្នាលភិក្ខុទាំងឡាយ យោគៈ ( កិលេសជាគ្រឿងប្រកបសត្វ ទុកក្នុងវដ្តៈ ) នេះ មាន ៤ យ៉ាង ។ យោគៈ ៤ យ៉ាង តើដូចម្តេច ។ គឺកាមយោគៈ ១ ភវយោគៈ ១ ទិដ្ឋិយោគៈ ១ អវិជ្ជាយោគៈ ១ ។ ម្នាល ភិក្ខុទាំងឡាយ កាមយោគៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តី វិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិតនូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាម ទាំងឡាយ ក៏កើតមានតម្រេកក្នុងកាម សេចក្តីរីករាយក្នុងកាម សេចក្តីស្នេហា ក្នុងកាម សេចក្តីងប់នៅក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តីអន្ទះអន្ទែង ព្រោះកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តីប្រាថ្នាក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កាមយោគៈ ។ កាមយោគៈដូច្នេះឯង ។ ភវយោគៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្ស ផង ទោសផង ការរលាស់ចេញផង នូវភពទាំងឡាយ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិតនូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្ស ផង ទោសផង ការរលាស់ចេញផង នូវភពទាំងឡាយ ក៏កើតមានតម្រេក ក្នុងភព សេចក្តីរីករាយក្នុងភព សេចក្តីស្នេហាក្នុងភព សេចក្តីងប់នៅក្នុងភព សេចក្តីស្រេកឃ្លានក្នុងភព សេចក្តីអន្ទះអន្ទែងព្រោះភព សេចក្តីជ្រុលជ្រប់ ក្នុងភព សេចក្តីប្រាថ្នាក្នុងភព ក្នុងភពទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា ភវយោគៈ ។ កាមយោគៈ និងភវយោគៈ ដូច្នេះឯង ។