បធានសូត្រទី ៣

ក្បាលទី 27 · ទំព័រ 620

ម្នាលភិក្ខុទាំងឡាយ សម្មប្បធាន ( សេចក្តីព្យាយាមប្រពៃ ) នេះមាន ៤ យ៉ាង ។ សម្មប្បធាន ៤ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងអកុសលធម៌ដ៏លាមក ដែលមិនទាន់ កើតឡើង មិនឲ្យកើតឡើងបាន ១ ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់នូវអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ១ ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គង ចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងកុសលធម៌ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ១ ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងកុសលធម៌ ដែលកើតឡើងហើយ ឲ្យស្ថិតនៅ មិនឲ្យភ្លេចភ្លាំងទៅ ឲ្យចម្រើនធំទូលាយ បរិបូណ៌ក្រៃលែងឡើង ១ ម្នាល ភិក្ខុទាំងឡាយ សម្មប្បធានមាន ៤ យ៉ាងប៉ុណ្ណេះ ។ ព្រះខីណាស្រពទាំងនោះ ជាអ្នកមានព្យាយាមដោយប្រពៃ គ្របសង្កត់នូវមារ គឺវដ្តៈបាន ជាអ្នកមិនបានអាស្រ័យ ជា អ្នកដល់ត្រើយនៃភ័យ គឺជាតិ និងមរណៈ ត្រេកអរបាន ឈ្នះនូវមារ ព្រមទាំងវាហនៈ គឺសេនារបស់មារ ព្រះខីណា ស្រពនោះ មិនបានញាប់ញ័រដោយតណ្ហា កន្លងបង់ នូវពលនៃមារទាំងអស់បាន ( លោកដល់នូវសេចក្តីសុខ ហើយ ) ។ ៥