អដ្ឋកថាបធានសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបធានសូត្រទី ៣ ដូចតទៅនេះ បទថា សម្មប្បធានានិ បានដល់ ការត្រេកអរ គឺការព្យាយាមដ៏ខ្ពង់ខ្ពស់ ។ បទថា សម្មប្បធានា បានដល់ ព្រះខីណាស្រពដែលមានសេចក្តីព្យាយាមបរិបូណ៌ ។ បទថា មារធេយ្យាភិភូតា សេចក្តីថា ព្រះខីណស្រពទាំងនោះ គ្របសង្កត់ ឆ្លងនូវដែនមារ គឺតេភូមិកវដ្ត ។ បទថា តេ អសិតា បានដល់ ព្រះខីណាស្រពទាំងឡាយដែលជាអ្នកមានកិលេសមិនអាស្រ័យហើយ ។ បទថា ជាតិមរណភយស្សប ានដល់ ភ័យដែលកើតឡើង ព្រោះអាស្រ័យការកើត និងការស្លាប់ ឬភ័យ ពោល គឺការកើត និងការស្លាប់ ។ បទថា បរគូ ប្រែថា ដល់នូវត្រើយ ។ បទថា តេ តុសិតា សេចក្តីថា ព្រះខីណាស្រព ទាំងនោះ ឈ្មោះថា ត្រេកអរហើយ ។ បទថា ជេត្វា មារំ សវាហនំ បានដល់ ឈ្នះមារ មួយអន្លើនឹងកងទ័ពហើយ ។ បទថា តេ អនេជា សេចក្តីថា ព្រះខីណាស្រពទាំងនោះមិនញាប់ញ័រ ដោយការញាប់ញ័រ គឺ តណ្ហា ឈ្មោះថា មិនញាប់ញ័រ ។ បទថា នមុចិពលំ ប្រែថា ពលរបស់ មារ ។ បទថា ឧបតិវត្តា ប្រែថា ឈានកន្លង ។ បទថា តេ សុខិតា បានដល់ ព្រះខីណាស្រពទាំងនោះ ឈ្មោះថា មានសេចក្តីសុខ ដោយ លោកុត្តរសុខ ។ ដោយហេតុនោះ ទើបលោកពោលថា សុខិនោ វត អរហន្តោ តណ្ហា តេសំ ន វិជ្ជតិ អស្មិមានោ សមុច្ឆិន្នោ មោហជាលំ បទាលិតំ ។ ពួកអរហន្តមានសេចក្តីសុខណាស់ ពួកអរហន្តទាំងនោះ មិនមានតណ្ហាទេ អស្មិមានះ លោកផ្តាច់បង់ហើយ បណ្តាញ គឺមោហៈ លោកទម្លាយចោលហើយ ។