អដ្ឋកថាសំវរសូត្រ

ក្បាលទី 27 · ទំព័រ 625

គប្បីជ្រាបវិនិច្ឆ័យក្នុងសំវរសូត្រទី ៤ ដូចតទៅនេះ សេចក្តី ព្យាយាម ឈ្មោះថា បធាន ។ សេចក្តីព្យាយាមដែលកើតឡើងដល់អ្នកសង្រួម ចក្ខុជាដើម ឈ្មោះថា សំវរប្បធាន ។ សេចក្តីព្យាយាមដែលកើតឡើង ដល់បុគ្គលដែលលះកាមវិតក្កជាដើម ឈ្មោះថា បហានប្បធាន ។ សេចក្តីព្យាយាមដែលកើតឡើងដល់បុគ្គលដែលចម្រើនសម្ពោជ្ឈង្គ ឈ្មោះថា ភាវនាបធាន ។ សេចក្តីព្យាយាមដែលកើតឡើងដល់ភិក្ខុដែលតាមរក្សាសមាធិ និមិត្ត ឈ្មោះថា អនុរក្ខនាបធាន ។ ក្នុងបទថា វិវេកនិស្សិតំ ជាដើម មានវិនិច្ឆ័យដូច្នេះថា បទទាំង ៣ គឺវិវេក វិរាគ និរោធ ជាឈ្មោះរបស់ និព្វាន ពិតហើយ និព្វាន ឈ្មោះថា វិវេក ព្រោះស្ងាត់ចាកឧបធិ ឈ្មោះថា វិរាគ ព្រោះរាគៈជាដើម អាស្រ័យនិព្វាននោះ ទើបប្រាសទៅ ។ ឈ្មោះថា និរោធ ព្រោះរាគៈជាដើមអាស្រ័យនិព្វាននោះ ក៏រលត់ទៅ ព្រោះដូច្នោះ ក្នុងបទថា វិវេកនិស្សិតំ ជាដើម ទើបមានអត្ថថា អាស្រ័យនិព្វាន ដោយ ជាអារម្មណ៍ខ្លះ ដោយជាធម៌ដែលគប្បីសម្រេចខ្លះ ។ ក្នុងបទថា វោស្សគ្គបរិណាមឹ នេះ វោស្សគ្គមាន ២ គឺបរិច្ចាគវោស្សគ្គ ១ បក្ខន្ទនវេស្សគ្គ ១ ។ ក្នុង ២ យ៉ាងនោះ វិបស្សនា ឈ្មោះថា បរិច្ចាគវោស្សគ្គ ព្រោះលះបង់រាគៈក្នុងកិលេស និងខន្ធ ដោយអំណាចតទង្គប្បហាន មគ្គ ឈ្មោះថា បក្ខន្ទនវោស្សគ្គ ព្រោះស្ទុះទៅកាន់និព្វាន ដោយអំណាច អារម្មណ៍ ។ ព្រោះដូច្នោះ ក្នុងបទថា វោស្សគ្គបរិណាមឹ នេះ ទើបមានអត្ថ ដូច្នេះថា សតិសម្ពោជ្ឈង្គដែលភិក្ខុចម្រើនដោយប្រការណា រមែងបង្អោនទៅ ដើម្បីលះបង់ រមែងដល់វិបស្សនាភាវនា និងមគ្គភាវនា ភិក្ខុរមែងចម្រើន សតិសម្ពោជ្ឈង្គនោះ ដោយប្រការនោះ ក្នុងបទដ៏សេសក៏មានន័យនេះឯង ។