អដ្ឋកថាបញ្ញត្តិសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបញ្ញត្តិសូត្រទី ៥ ដូចតទៅនេះ បទថា អគ្គប្បញ្ញត្តិយោ បានដល់ ការបញ្ញត្តិដ៏ឧត្តម ។ បទថា អត្តភាវីនំ បាន ដល់ មានអត្តភាពទាំងឡាយ ។ បទថា យទិទំ រាហុ អសុរិន្ទោ បានដល់ អសុរិន្ទរាហុនេះ ឈ្មោះថាជាកំពូល ។ បានឮថា ក្នុងសេចក្តីនេះ អសុរិន្ទរាហុកម្ពស់ ៤៨០០ យោជន៍ ចន្លោះដើមដៃ ១២០០ យោជន៍ បាតដៃ បាតជើង ទំហំ ៣០០ យោជន៍ ថ្នាំងម្រាមដៃ ៥០ យោជន៍ ចន្លោះ ចិញ្ចើមម្ខាងទៅម្ខាង ៥០ យោជន៍ ថ្ងាស់ទំហំ ៣០០ យោជន៍ ក្បាលទំហំ ៩០០ យោជន៍ ។ បទថា កាមភោគីនំ យទិទំ រាជា មន្ធាតា សេចក្តីថា ព្រះបាទ មន្ធាតុនេះ ឈ្មោះថា ជាកំពូលរបស់សត្វដែលបរិភោគកាមរបស់ទិព្វផង ជា របស់មនុស្សផង ។ ពិតហើយ ព្រះបាទមន្ធាតុនោះ កើតក្នុងមនុស្សទាំងឡាយ មានអាយុមួយអសង្ខេយ្យ ធ្វើភ្លៀងឲ្យធ្លាក់ចុះជាប្រាក់ ក្នុងខណៈ ដែលប្រាថ្នាបរិភោគកាមដែលជារបស់មនុស្សអស់កាលដ៏យូរ ។ ឯក្នុងទេវលោក ក៏បរិភោគកាមដ៏ប្រណីត រហូតដល់ព្រះឥន្ទអស់អាយុ ៣៦ អង្គ ព្រោះដូច្នោះ ទើបលោកឈ្មោះថា ជាកំពូលនៃបុគ្គលដែលបរិភោគកាមទាំងឡាយ ។ បទថា អធិបតេយ្យានំ សេចក្តីថា នៃបណ្តាបុគ្គលដែលគ្រប់គ្រង តំណែងអធិបតី គឺតំណែងជាប្រធាន ។ បទថា តថាគតោ អគ្គមក្ខាយតិ សេចក្តីថា អ្នកប្រាជហៅព្រះតថាគតថាជាអគ្គបុគ្គលដោយគុណ ដែលជា លោកិយ និងលោកុត្តរ ។ បទថា ឥទ្ធិយា យសសា ជលំ សេចក្តីថា បុគ្គលរុងរឿងដោយ សេចក្តីសម្រេចនៃទិព្វសម្បត្តិ និងដោយយស ពោល គឺបរិវារ ។ បទថា ឧទ្ធំ តិរិយំ អបចីនំ បានដល់ ក្នុងខាងលើ កណ្តាល និងខាងក្រោម ។