អដ្ឋកថាសោខុម្មសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសោខុម្មសូត្រទី ៦ ដូចតទៅនេះ បទថា សោខុម្មានិ បានដល់ ញាណដែលជាគ្រឿងចាក់ធ្លុះបានរហូត ។ បទថា រូបសោខុម្មេន សមន្នាគតោ ហោតិ បានដល់ ជាអ្នកប្រកបដោយញាណ ដែលកំណត់ដឹងលក្ខណៈសុខុម ល្អិតក្នុងរូប ។ បទថា បរមេន បានដល់ ឧត្តម ។ បទថា តេន ច រូបសោខុម្មេន សេចក្តីថា ដោយញាណដែល កំណត់ដឹងសុខុមលក្ខណៈ រហូតដល់អនុលោមញ្ញាណនោះ ។ បទថា ន សមនុបស្សតិ បានដល់ មិនពិចារណាឃើញដោយការមិនមាន ។ បទថា ន បត្ថេតិ បានដល់ មិនប្រាថ្នាដោយការមិនមាន ។ ក្នុងវេទនាដែលសុខុម ជាដើម ក៏មានន័យដូចគ្នា ។ បទថា រូបសោខុម្មតំ ញត្វា សេចក្តីថា ភិក្ខុដឹងរូបក្ខន្ធដែលជារបស់ សុខុម ដោយញាណជាគ្រឿងកំណត់សុខុមលក្ខណៈដែលល្អិត ។ បទថា វេទនានញ្ច សម្ភវំ សេចក្តីថា ដឹងដល់ដែនកើតនៃវេទនាខន្ធ ។ បទថា សញ្ញា យតោ សមុទេតិ សេចក្តីថា ដឹងហេតុដែលសញ្ញាខន្ធកើត គឺកើតឡើង ។ បទថា អត្ថំ គច្ឆតិ យត្ថ ច សេចក្តីថា ដឹងដល់សញ្ញាខន្ធរលត់ ។ បទថា សង្ខារេ បរតោ ញត្វា សេចក្តីថា ដឹងដល់សង្ខារក្ខន្ធដែលប្រែប្រួលទៅជា ដទៃ ដោយអំណាចការទ្រុឌទ្រោម ព្រោះជារបស់មិនទៀង ។ អនិច្ចានុបស្សនា ត្រាស់ដោយបទនេះ ។ ត្រាស់ទុក្ខានុបស្សនា និងអនត្តានុបស្សនា ដោយបទនេះថា ទុក្ខតោ នោ ច អត្តតោ ។ បទថា សន្តោ សេចក្តីថា ឈ្មោះថា ស្ងប់ ព្រោះកិលេសស្ងប់ ។ បទថា សន្តិបទេ រតោ បានដល់ ត្រេកអរក្នុងព្រះនិព្វាន ។ ក្នុងសូត្រនេះ ត្រាស់វិបស្សនាក្នុងឋានៈ ៤ បុណ្ណោះ ក្នុងគាថា ត្រាស់លោកុត្តរធម៌ផងដែរ ។