បឋមអគតិសូត្រទី ៧

ក្បាលទី 27 · ទំព័រ 632

ម្នាលភិក្ខុទាំងឡាយ ការលុះអគតិ ( សេចក្តីលម្ហៀង ) នេះមាន ៤ យ៉ាង ។ អគតិ ៤ យ៉ាង តើដូចម្តេច ។ គឺលុះអគតិព្រោះសេចក្តី ស្រឡាញ់ ១ លុះអគតិព្រោះសេចក្តីស្អប់ ១ លុះអគតិព្រោះសេចក្តីល្ងង់ ១ លុះអគតិព្រោះសេចក្តីខ្លាច ១ ។ ម្នាលភិក្ខុទាំងឡាយ ការលុះអគតិមាន ៤ យ៉ាងប៉ុណ្ណេះ ។ បុគ្គលណាកន្លងនូវសុចរិតធម៌ ព្រោះសេចក្តីស្រឡាញ់ សេចក្តី ស្អប់ សេចក្តីខ្លាច សេចក្តីល្ងង់ យសរបស់បុគ្គលនោះ រមែង សាបសូន្យទៅ ដូចជាព្រះចន្រ្ទក្នុងកាឡបក្ស គឺខាងរនោច ។