ទុតិយឧរុវេលសូត្រទី ២

ក្បាលទី 27 · ទំព័រ 649

ម្នាលភិក្ខុទាំងឡាយ សម័យមួយ កាលតថាគតទើបនឹងបាន ត្រាស់ដឹងជាដំបូង នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាឯណោះ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកព្រាហ្មណ៍ ច្រើនគ្នា ចាស់គ្រាំគ្រា ព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ បានចូលទៅរកតថាគត លុះ ចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងតថាគត លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររពឫកហើយក៏ អង្គុយក្នុងទីសមគួរ ។ ម្នាលភិក្ខុទាំងឡាយ លុះពួកព្រាហ្មណ៍ទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយនឹងតថាគតដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន យើងខ្ញុំបានឮ យ៉ាងនេះថា ព្រះសមណគោតមមិនសំពះ មិនក្រោកទទួលពួកព្រាហ្មណ៍ ដែលចាស់គ្រាំគ្រា ព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ ទោះបីគ្រាន់តែអញ្ជើញហៅរក នូវព្រាហ្មណ៍ទាំងនោះ ឲ្យអង្គុយលើអាសនៈ ( ព្រះអង្គក៏មិនធ្វើផង ) បពិត្រព្រះគោតមដ៏ចម្រើន ពាក្យដែលយើងខ្ញុំបានឮមកនោះជាប្រាកដថា ព្រះគោតមដ៏ចម្រើន មិនសំពះ មិនក្រោកទទួលពួកព្រាហ្មណ៍ដែលចាស់ គ្រាំគ្រា ព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅយូរឆ្នាំមកហើយ មានអាយុ ក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយថា សូម្បីត្រឹមតែអញ្ជើញ ហៅរកពួក ព្រាហ្មណ៍ទាំងនោះ ឲ្យអង្គុយលើអាសនៈ ( ព្រះអង្គក៏មិនធ្វើ ) បពិត្រព្រះគោតម ដ៏ចម្រើន កិច្ចមានការមិនសំពះជាដើមនោះ ជាទំនងពុំសមគួរឡើយ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះមានសេចក្តីត្រិះរិះដូច្នេះថា អ្នកដ៏មានអាយុ ទាំងឡាយនេះ មិនស្គាល់នូវបុគ្គលចាស់ផង នូវធម៌ទាំងឡាយដែលធ្វើខ្លួនឲ្យ ជាបុគ្គលចាស់ផង