អដ្ឋកថាទុតិយឧរុវេលសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយឧរុវេលសូត្រទី ២ ដូចតទៅនេះ បទថា សម្ពហុលា គឺព្រាហ្មណ៍ដ៏ច្រើន ។ បទថា ព្រាហ្មណា សេចក្តីថា ពួកព្រាហ្មណ៍មកហើយ ព្រមគ្នានឹងព្រាហ្មណ៍ដែលជាអ្នកពោលពាក្យគ្រោត គ្រាត ។ បទថា ជិណ្ណា វុឌ្ឍា បានដល់ ជាអ្នកគ្រាំគ្រាដោយជរា ចម្រើន ដោយវ័យ ។ បទថា មហល្លកា បានដល់ ចាស់ដោយជាតិ ។ បទថា អទ្ធគតា បានដល់ កន្លងកាល កន្លងវ័យទាំង ៣ ទៅហើយ ។ បទថា សុតំ មេតំ បានដល់ សេចក្តីនេះ ពួកយើងស្តាប់មកហើយ ។ បទថា តយិទំ ភោ គោតម តថេវ សេចក្តីថា បពិត្រព្រះគោតម សេចក្តីនេះ ពួកខ្ញុំព្រះអង្គ ស្តាប់មកហើយ ការណ៍ក៏ពិតយ៉ាងនោះ ។ បទថា តយិទំ ភោ គោតម ន សម្បន្នមេវ សេចក្តីថា ការមិនធ្វើអភិវាទជាដើមនេះមិនសមគួរឡើយ ។ ក្នុងបទជាដើមថា អកាលវាទី មានវិនិច្ឆ័យដូច្នេះ ឈ្មោះថា អកាលវាទី ព្រោះពោលមិនស្គាល់កាល ។ ឈ្មោះថា អភូតវាទី ព្រោះនិយាយតែ រឿងដែលមិនពិត ។ ឈ្មោះថា អនត្ថវាទី ព្រោះពោលតែរឿងដែលមិន ជាប្រយោជន៍ មិនពោលរឿងដែលជាប្រយោជន៍ ។ ឈ្មោះថា អធម្មវាទី ព្រោះពោលមិនជាធម៌ មិនពោលជាធម៌ ។ ឈ្មោះថា អវិនយវាទី ព្រោះ ពោលមិនជាវិន័យ មិនពោលជាវិន័យ ។ បទថា អនិធានវតឹ វាចំ ភាសិតា បានដល់ មិនពោលវាចាដែលគួរចាំទុកក្នុងហទយៈ ។ បទថា អកាលេន បានដល់ ដោយកាលមិនគួរពោល ។ បទថា អនបទេសំ បានដល់ ពោល មិនមានគោលអាង គឺមិនមានហេតុផល ។ បទថា អបរិយន្តវតឹ បានដល់ និយាយមិនចេះចប់ ពោលមិនមានកំណត់ ។ បទថា អនត្ថសញ្ញិតំ បាន ដល់ មិនសម្តែងឲ្យអាស្រ័យប្រយោជន៍ដែលជាលោកិយ និងលោកុត្តរ ។ បទថា ពាលោ ថេរោត្វេវ សង្ខំ គច្ឆតិ សេចក្តីថា រាប់បានថាជាថេរៈ អន្ធពាល គឺបុគ្គលល្ងង់ខ្លៅ ខ្វាក់ងងឹត ។