លោកសូត្រទី ៣

ក្បាលទី 27 · ទំព័រ 658

ម្នាលភិក្ខុទាំងឡាយ លោក ( គឺទុក្ខសច្ច ) តថាគតបាន ត្រាស់ដឹងហើយ តថាគតផុតចាកលោក ( គឺទុក្ខសច្ច ) ហើយ ម្នាលភិក្ខុ ទាំងឡាយ លោកសមុទយៈ តថាគតបានត្រាស់ដឹងហើយ លោកសមុទយៈ តថាគតបានលះបង់ហើយ ម្នាលភិក្ខុទាំងឡាយ លោកនិរោធ តថាគតបាន ត្រាស់ដឹងហើយ លោកនិរោធតថាគតបានធ្វើឲ្យជាក់ច្បាស់ហើយ ម្នាលភិក្ខុ ទាំងឡាយ លោកនិរោធគាមិនីបដិបទា តថាគតបានត្រាស់ដឹងហើយ លោក និរោធគាមិនីបដិបទា តថាគតបានចម្រើនហើយ ។ ម្នាលភិក្ខុទាំងឡាយ អារម្មណ៍ណា ដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដែលពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ បានដល់ ស្វែងរក ត្រាច់រង្គាត់រកអារម្មណ៍នោះ តថាគតបានដឹងជាក់ស្តែងហើយ ដោយសារចិត្ត ព្រោះហេតុនោះ បានជាគេហៅថា តថាគត ។ ម្នាលភិក្ខុទាំងឡាយ តថាគត បានត្រាស់ក្នុងរាត្រីណា បរិនិព្វានក្នុងរាត្រីណា តែងពោលចរចា សម្តែងចេញ នូវវាចាណាក្នុងចន្លោះនោះ កិច្ចមានការត្រាស់ដឹងជាដើមទាំងនោះ ដូច្នោះ មែន មិនមែនជាមិនមែនទេ ព្រោះហេតុនោះ បានជាគេហៅថា តថាគត ។ ម្នាលភិក្ខុទាំងឡាយ តថាគតថាយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ថា យ៉ាងនេះ ថាយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ថាយ៉ាងនោះ ហេតុនោះ ទើបបានជាគេហៅថា តថាគត ។ ម្នាលភិក្ខុទាំងឡាយ តថាគតជាអ្នកគ្រប សង្កត់ អង់អាច ជាអ្នកឃើញពិត មានអំណាចគ្របសង្កត់លោក ព្រមទាំង ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសបាន ហេតុ នោះ បានជាគេហៅថា តថាគត ។