អដ្ឋកថាលោកសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងលោកសូត្រទី ៣ ដូចតទៅនេះ បទថា លោកោ បានដល់ ទុក្ខសច្ច ។ បទថា អភិសម្ពុទ្ធោ បានដល់ ធ្វើឲ្យ ប្រចក្សហើយដោយញាណ ។ បទថា លោកស្មា បានដល់ ចាកទុក្ខសច្ច ។ បទថា បហីនោ បានដល់ លះបានហើយ ដោយអរហត្តមគ្គញ្ញាណ ត្រង់ មហាពោធិមណ្ឌល ។ បទថា តថាគតស្ស ភាវិតា ប្រែថា ដែលតថាគត ធ្វើឲ្យមានហើយ ។ ព្រះមានព្រះភាគ កាលត្រាស់ភាពដែលទ្រង់ជាពុទ្ធៈ ដោយសច្ចៈ ៤ ដោយឋានៈមានប្រមាណបុណ្ណេះយ៉ាងនេះហើយ ឥឡូវនេះ ទើបត្រាស់ពាក្យ ជាដើមថា យំ ភិក្ខវេ ដើម្បីត្រាស់ភាពដែលទ្រង់ជាតថាគត ។ ក្នុងបទទាំងនោះ បទថា ទិដ្ឋំ បានដល់ រូបាយតនៈ ។ បទថា សុតំ បានដល់ សទ្ទាយតនៈ ។ បទថា មុតំ បានដល់ អាយតនៈ គឺក្លិន រស ផោដ្ឋព្វៈ ព្រោះជាអារម្មណ៍ដែលមកដល់ហើយ ទទួលទុក ។ បទថា វិញ្ញាតំ បាន ដល់ ធម្មារម្មណ៍ មានសុខ និងទុក្ខជាដើម ។ បទថា បត្តំ បានដល់ ស្វែងរក ឬមិនស្វែងរក ក៏មកដល់ហើយ ។ បទថា បរិយេសិតំ សេចក្តីថា មកដល់ ឬមិនមកដល់ ក៏ស្វែងរកហើយ ។ បទថា អនុវិចរិតំ មនសា បានដល់ គិតគ្នេរដោយចិត្ត ។ ដោយបទថា តថាគតេន អភិសម្ពុទ្ធំ នេះ ទ្រង់សម្តែងសេចក្តីនេះថា រូបារម្មណ៍ជាដើម មានពណ៌ខៀវ ពណ៌លឿង ឯណាប្រាកដក្នុងចក្ខុទ្វាររបស់លោក ព្រមទាំងទេវលោកនេះ ក្នុងលោកធាតុ ដែលមិនមានប្រមាណ តថាគតត្រាស់ដឹងរូបារម្មណ៍ទាំងឡាយនោះ យ៉ាង នេះថា សត្វនេះឃើញរូបារម្មណ៍នេះ ក្នុងខណៈនេះហើយ កើតចិត្តត្រេកអរ ខ្លះ ទោមនស្សខ្លះ ជាកណ្តាលខ្លះ ដូច្នេះ ។