អដ្ឋកថាកាឡកសូត្រ

ក្បាលទី 27 · ទំព័រ 667

កាឡកសូត្រទី ៤ តាំងឡើងព្រោះអត្ថុប្បតិហេតុ សួរថា អត្ថុប្បតិហេតុដូចម្តេច ។ ឆ្លើយថា ព្រោះរឿងព្រះគុណរបស់ព្រះទសពល ។ បានឮថា នាងចូឡសុភទ្ទាកូនស្រីរបស់អនាថបិណ្ឌិក មានបំណងនឹង ទៅជាមេផ្ទះរបស់កូនប្រុសកាឡកសេដ្ឋី ក្នុងនគរសាកេត ទើបចូលទៅគាល់ ព្រះសាស្តា ទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងទៅមានស្វាមីក្នុង ត្រកូលរបស់បុគ្គលមិច្ឆាទិដ្ឋិ បើខ្ញុំម្ចាស់បានទទួលការរាប់អានក្នុងត្រកូលនោះ កាលនឹងបញ្ជូនបុរសម្នាក់មក ក៏នឹងយឺតយូរ បពិត្រព្រះមានព្រះភាគ សូម ទ្រង់មេត្តានឹកដល់ខ្ញុំម្ចាស់ខ្លះ ដូច្នេះ បានទទួលការធានាហើយក៏ទៅ កាឡកសេដ្ឋីគិតថា កូនប្រសាស្រីរបស់អញមកហើយ កាលនឹងរៀបមង្គល ទើប បានរៀបចំរបស់បរិភោគ និងរបស់ទំពាដ៏ច្រើន បានអញ្ជើញអ្នកបួសអាក្រាត ៥០០ នាក់មក អ្នកបួសអាក្រាតទាំងនោះអង្គុយហើយ ទើបលោកសេដ្ឋី បញ្ជូនមនុស្សទៅប្រាប់នាងចូឡសុភទ្ទាថា កូនស្រី ចូរមកថ្វាយបង្គំព្រះអរហន្ត ។ អរិយសាវិកាដែលសម្រេចផលហើយ គ្រាន់តែគេពោលថា ព្រះអរហន្ត បុណ្ណោះ ក៏ក្រោកឡើងដោយគិតថា លាភរបស់អញហ្ន៎ ។ លុះបាន ឃើញអ្នកបួសអាក្រាតមិនមានសិរីទាំងនោះ ទើបពោលថា បពិត្រលោក ពុក ធម្មតាសមណៈទាំងឡាយ មិនមែនមិនមានហិរិខាងក្នុង មិនមែនមិន មានឱត្តប្បៈខាងក្រៅឡើយ គិតថា ជនទាំងនេះ មិនមែនសមណៈ ទើប ស្តោះទឹកមាត់ ដើរត្រឡប់ទៅកាន់កន្លែងរបស់ខ្លួន ។ គ្រានោះ ពួកអ្នកបួសអាក្រាតពោលថា នែលោកសេដ្ឋី ស្រីកាឡកណ្ណីបែបនេះ លោកបានមកអំពីណា ក្នុងជម្ពូទ្វីប មិនមានស្រីដទៃឬ ហើយ នាំគ្នាជេរសេដ្ឋី ។ ទើបលោកសេដ្ឋីសំណូមពរថា បពិត្រលោកអាចារ្យ កម្ម ដែលខ្ញុំដឹង ឬមិនដឹង ក៏បានធ្វើទៅហើយ ខ្ញុំនឹងដឹងរឿងនោះ ដូច្នេះ បញ្ជូន ព