ព្រហ្មចរិយសូត្រទី ៥

ក្បាលទី 27 · ទំព័រ 677

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ដើម្បីកុហកមហាជនក៏ទេ ដើម្បីល្បួងលួងមហាជនក៏ទេ ដើម្បីលាភសក្ការៈ និងសេចក្តីសរសើរជាអានិសង្សក៏ទេ ដើម្បីបានអានិសង្ស ព្រោះការដោះនូវ ពាក្យជនដទៃ ដូច្នេះ ដូច្នោះថា មហាជនចូរស្គាល់នូវតថាគតដូច្នេះក៏ទេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតប្រព្រឹត្តព្រហ្មចារ្យនេះ ដើម្បីសង្រួម ដើម្បីលះ ដើម្បីប្រាសចាករាគៈ ដើម្បីរម្លត់ទុក្ខតែបុណ្ណេះឯង ។ ព្រះដ៏មានព្រះភាគនោះ ទ្រង់បានសម្តែងនូវព្រហ្មចារ្យ មិនបាន ជឿអ្នកដទៃ ដើម្បីសង្រួម ដើម្បីលះបង់ ជាដំណើរទៅក្នុងព្រះ និព្វាន ផ្លូវហ្នឹង ដែលព្រះពុទ្ធជាចម្បងយាត្រាទៅ ។ បើពួក ជនណា ដើរតាមផ្លូវដែលព្រះពុទ្ធសម្តែងហើយនោះ បើពួក ជននោះ ធ្វើតាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តានោះ ទើបនឹង ធ្វើទីបំផុតទុក្ខបាន ។