អដ្ឋកថាព្រហ្មចរិយសូត្រ
គប្បីជ្រាបវិនិច្ឆ័យ ក្នុងព្រហ្មចរិយសូត្រទី ៥ ដូចតទៅនេះ បទថា ជនកុហនត្ថំ សេចក្តីថា ដើម្បីការបោកបញ្ឆោតបុគ្គល ដោយរឿង កុហនវត្ថុ ៣ យ៉ាង ។ បទថា ន ជនលបនត្ថំ បានដល់ មិនមែនដើម្បី ល្បួងលួងបុគ្គល ។ បទថា ន លាភសក្ការសិលោកានិសំសត្ថំ បានដល់ មិនមែនដើម្បីលាភសក្ការៈ មានចីវរជាដើម និងពាក្យសរសើរឡើយ ។ បទថា ន ឥតិវាទប្បមោក្ខានិសំសត្ថំ បានដល់ មិនមែនដើម្បីអានិសង្សជា មេលទ្ធិ ដោយហេតុនោះៗ មិនមែនដើម្បីអានិសង្ស និងដោះនូវលទ្ធិ ។ បទថា ន ឥតិ មំ ជនោ ជានាតុ បានដល់ មិនមែនដើម្បីឲ្យអ្នកដទៃ ស្គាល់ថា បានឮថា ភិក្ខុនោះយ៉ាងនេះ ។ បទថា សំវរត្ថំ បានដល់ ដើម្បី ការសង្រួមដោយសំវរៈ ៥ ។ បទថា បហានត្ថំ បានដល់ ដើម្បីលះដោយ បហាន ៣ ។ បទថា វិរាគត្ថំ បានដល់ ដើម្បីប្រាសចាកកិលេស មាន រាគៈជាដើម ។ បទថា និរោធត្ថំ បានដល់ ដើម្បីរម្លត់កិលេសទាំងនោះឯង ។ បទថា អនីតិហំ បានដល់ វៀរឥតិហាសៈ ដែលពោលតាមគ្នាមកតាម បវេណី មិនដើរតាមអ្នកដទៃ ។ បទថា និព្វានោគធគាមិនំ សេចក្តីថា ជា ផ្លូវឈមចុះកាន់ខាងក្នុងព្រះនិព្វាន ។ សេចក្តីពិត មគ្គព្រហ្មចរិយៈ ធ្វើនិព្វាន ឲ្យជាអារម្មណ៍ តែងប្រព្រឹត្តទៅ គឺប្រព្រឹត្តទៅខាងក្នុងនិព្វាននោះឯង ។ បទថា បដិបជ្ជន្តិ បានដល់ ដើរតាមផ្លូវទាំង ២ ។ ក្នុងព្រះសូត្រនេះត្រាស់ វដ្តៈផង វិវដ្តៈផង ក្នុងគាថាត្រាស់វិវដ្តៈតែម្យ៉ាង ។