សន្តុដ្ឋិសូត្រទី ៧

ក្បាលទី 27 · ទំព័រ 682

ម្នាលភិក្ខុទាំងឡាយ វត្ថុ ៤ យ៉ាងនេះ ជារបស់តិចផង បានដោយងាយផង មិនមានទោសផង ។ វត្ថុ ៤ តើដូចម្តេចខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ បណ្តាចីវរទាំងឡាយ បំសុកូលចីវរជារបស់តិចផង បាន ដោយងាយផង មិនមានទោសផង ១ ម្នាលភិក្ខុទាំងឡាយ បណ្តាភោជន ទាំងឡាយ ដុំបាយដែលភិក្ខុបានដោយកម្លាំងនៃកំភួនជើង ជារបស់តិចផង បានដោយងាយផង មិនមានទោសផង ១ ម្នាលភិក្ខុទាំងឡាយ បណ្តា សេនាសនៈទាំងឡាយ រុក្ខមូលសេនាសនៈជារបស់តិចផង បានដោយងាយ ផង មិនមានទោសផង ១ ម្នាលភិក្ខុទាំងឡាយ បណ្តាភេសជ្ជៈទាំងឡាយ បូតិមុត្តភេសជ្ជៈជារបស់តិចផង បានដោយងាយផង មិនមានទោសផង ១ ។ ម្នាលភិក្ខុទាំងឡាយ វត្ថុទាំង ៤ នេះជារបស់តិចផង បានដោយងាយផង មិនមានទោសផង ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុជាអ្នកសន្តោស ដោយវត្ថុតិចផង បានដោយងាយផង តថាគតហៅថា នេះជាអង្គរបស់ សមណៈដ៏ប្រសើរ ។ សេចក្តីចង្ហៀតចង្អល់ចិត្ត តែងមិនមានដល់ភិក្ខុអ្នកត្រេកអរ ដោយរបស់មិនមានទោសផង តិចផង បានដោយងាយផង ព្រោះប្រារព្ធនូវសេនាសនៈផង ចីវរផង ភេសជ្ជៈផង ភោជនផង ទាំងទិសក៏មិនបៀតបៀន ( ភិក្ខុនោះ ) ។ មួយទៀត ពួកធម៌ណា ដែលតថាគតសម្តែងហើយ ជាធម៌ សមគួរដល់សមណភាព ធម៌នោះតាំងនៅខាងក្នុង ( ចិត្ត ) របស់ភិក្ខុអ្នកមានសេចក្តីសន្តោស អ្នកមិនប្រមាទនោះ ។ ៥