អដ្ឋកថាសន្តុដ្ឋិសូត្រ

ក្បាលទី 27 · ទំព័រ 683

គប្បីជ្រាបវិនិច្ឆ័យក្នុងសន្តុដ្ឋិសូត្រទី ៧ ដូចតទៅនេះ បទថា អប្បានិ ប្រែថា របស់តិចតួច ។ បទថា សុលភានិ ប្រែថា គប្បីបាន ដោយងាយ គឺបុគ្គលណាក៏អាចបានក្នុងទីណាមួយ ។ បទថា អនវជ្ជានិ ប្រែថា មិនមានទោស ។ បទថា បិណ្ឌិយាលោបភោជនំ បានដល់ អាហារដែលត្រាច់ទៅដោយកម្លាំងស្មង បានមក គ្រាន់តែជាដុំបាយ ។ បទថា បូតិមុត្តំ បានដល់ ទឹកមូត្រណាមួយ ។ កាយសូម្បីមានពណ៌ដូចមាស ក៏ ហៅថា កាយស្អុយ យ៉ាងណា ទឹកមូត្រ សូម្បីថ្មោងថ្មី ក៏ហៅថា ទឹកមុត្រ ស្អុយ ដូច្នោះ ។ បទថា វិឃាតោ បានដល់ ការចង្អៀតចង្អល់ អធិប្បាយ ថា ចិត្តមិនមានទុក្ខ ( មិនច្រាស់ច្រាល់ ) ។ បទថា ទិសា នប្បដិហញ្ញតិ សេចក្តីថា ភិក្ខុណាកើតការគិតឡើងថា អាត្មាអញទៅទីឈ្មោះនោះ នឹងបាន ចីវរជាដើម ចិត្តរបស់ភិក្ខុនោះ ឈ្មោះថា រមែងក្តៅក្រហាយ សព្វទិស ។ ភិក្ខុណាមិនកើតការគិតយ៉ាងនោះ ចិត្តរបស់ភិក្ខុនោះ ឈ្មោះថា មិនក្តៅក្រហាយ សព្វទិស ។ បទថា ធម្មា គឺបដិបត្តិធម៌ ។ បទថា សាមញ្ញស្សានុលោមិកា បានដល់ សមគួរដល់សមណធម៌ ។ បទថា អធិគ្គហិតា សេចក្តីថា ធម៌ទាំងអស់នោះ រមែងឈ្មោះថា ភិក្ខុដែលមានចិត្តសន្តោស កំណត់នៅខាងក្នុង មិនទៅខាងក្រៅ ។