អដ្ឋកថាអរិយវង្សសូត្រ

ក្បាលទី 27 · ទំព័រ 688

អរិយវង្សសូត្រទី ៨ តាំងឡើង មានអធ្យាស្រ័យរបស់ ព្រះអង្គជាអត្ថុប្បត្តិហេតុ ។ បានឮថា ព្រះមានព្រះភាគប្រថាប់គង់លើបវរ ពុទ្ធាសនៈ ដែលគេរៀបចំថ្វាយក្នុងធម្មសភាជេតពនមហាវិហារ ត្រាស់ហៅ ភិក្ខុ ៤ ម៉ឺនរូប ដែលអង្គុយចោមរោមថា ភិក្ខវេ ដូច្នេះហើយ ទើបទ្រង់ ផ្តើមមហាអរិយវង្សសូត្រនេះថា ចត្តារោមេ ភិក្ខវេ អរិយវំសា ជាដើម ដោយអំណាចអធ្យាស្រ័យរបស់ទ្រង់ផង របស់បុគ្គលដទៃផង ។ ក្នុងបទ ទាំងនោះ បទថា អរិយវំសា គឺវង្សរបស់ព្រះអរិយៈទាំងឡាយ ។ អរិយវង្សទី ៨ នេះ ជាខ្សែស្រឡាយរបស់ព្រះអរិយៈ ឈ្មោះថា ជាបវេណីរបស់ ព្រះអរិយៈ ដូចខត្តិយវង្ស ព្រាហ្មណវង្ស វេស្សវង្ស សុទ្ទវង្ស សមណវង្ស កុលវង្ស រាជវង្ស ដូច្នោះ ។ វង្សនេះ លោកពោលថា ជាកំពូលនៃវង្ស ទាំងនោះ ដូចក្លិនក្លាំពាក់ជាដើម ជាកំពូលនៃឈើដែលមានក្លិនកើតអំពី ឫសជាដើម ។ សួរថា បុគ្គលពួកណា គឺអរិយៈ វង្សរបស់អរិយៈ ។ ឆ្លើយថា ព្រះ សម្ពុទ្ធទាំងឡាយ ព្រះបច្ចេកពុទ្ធទាំងឡាយ និងសាវ័ករបស់ព្រះតថាគត ទាំងឡាយ លោកហៅថា ព្រះអរិយៈ វង្សរបស់ព្រះអរិយៈទាំងនោះ ទើប រួមហៅថា អរិយវង្ស ។ មុនអំពីកាលនេះទៅ ក្នុងទីបំផុត ៤ អសង្ខេយ្យ និងមួយសែនកប្ប ព្រះពុទ្ធកើតឡើង ៤ អង្គ គឺព្រះតណ្ញង្ករ ១ មេធង្ករ ១ សរណង្ករ ១ ទីបង្ករ ១ ដូច្នេះ ។ វង្សរបស់ព្រះអរិយៈទាំងនោះ ឈ្មោះថា អរិយវង្ស ។ ខាងក្រោយអំពីបរិនិព្វានរបស់ព្រះពុទ្ធទាំងនោះ កន្លងទៅមួយ អសង្ខេយ្យ មានព្រះពុទ្ធព្រះនាមកោណ្ឌញ្ញៈ ។ បេ ។ ក្នុងកប្បនេះ ព្រះពុទ្ធ កើតឡើង ៤ អង្គ គឺព្រះកកុសន្ធៈ ១ ព្រះកោនាគមនៈ ១ ព្រះកស្សបៈ ១ ព្រះមានព្រះភាគគោតមនៃពួកយើង ១ ដូច្នេះ វង្សរបស់ព្រះអរិយៈទាំងនោះ រួមឈ្មោះថា អរិយវង្ស ។