អដ្ឋកថាបរិព្វាជកសូត្រ

ក្បាលទី 27 · ទំព័រ 720

គប្បីជ្រាបវិនិច្ឆ័យក្នុងបរិព្វាជកសូត្រទី ១០ ដូចតទៅនេះ បទថា អភិញ្ញាតា បានដល់ បុគ្គលមានឈ្មោះដែលស្គាល់ គឺប្រាកដ ។ បទថា អន្នភារោ ជាដើម ជាឈ្មោះរបស់បរិព្វាជកទាំងនោះ ។ បទថា បដិសល្លានា វុដ្ឋិតោ បានដល់ ព្រះមានព្រះភាគទ្រង់ចេញអំពីផលសមាបត្តិ ។ ផលសមាបត្តិនោះ លោកបំណងយកថា ជាទីសម្ងំក្នុងទីនេះ ។ បទថា បច្ចក្ខាយ គឺជំទាស់ ។ បទថា អភិជ្ឈាលុំ គឺបុគ្គលមានតណ្ហា ។ បទថា កាមេសុ តិព្វសារាគំ សេចក្តីថា បុគ្គលមានរាគៈ ត្រេកអរ ច្រើនក្នុងវត្ថុកាម ។ បទថា តមហំ តត្ថ ឯវំ វទេយ្យំ សេចក្តីថា កាល បុគ្គលពោលពាក្យនោះ ព្រោះពោលយ៉ាងនេះក្នុងហេតុនោះ ។ បទថា បដិក្កោសិតព្វំ មញ្ញេយ្យ សេចក្តីថា បុគ្គលណាសម្គាល់ថា គួរជំទាស់ គឺ គួរឃាត់ ។ បទថា សហធម្មិកា បានដល់ ព្រមទាំងហេតុ ។ បទថា វាទានុបតា សេចក្តីថា ជាអ្នកបៀតបៀនវាទៈដែលប្រកបដោយធម៌ ក៏ ធ្លាក់ទៅតាមវាទៈដែលមិនប្រកបដោយធម៌ អធិប្បាយថា ប្រព្រឹត្តតាមវាទៈ ។ បទថា គារយ្ញា ឋានា គឺបច្ច័យដែលគួរតិះដៀល ។ បទថា អាគច្ឆន្តិ គឺរមែងចូលដល់ ។ បទថា ឧក្កលា គឺអ្នកជនបទឧក្កលៈ ។ បទថា វស្សភញ្ញា គឺ បរិព្វាជក ២ នាក់ ឈ្មោះថា វស្សៈ និងធញ្ញៈ ។ បទថា អហេតុកវាទា សេចក្តីថា ទាំង ២ នាក់ ជាអ្នកមានវាទៈជាដើមយ៉ាងនេះថា ហេតុមិនមាន បច្ច័យមិនមាន ដើម្បីការបរិសុទ្ធនៃសត្វទាំងឡាយ ដូច្នេះ ។ បទថា អកិរិយវាទា សេចក្តីថា បុគ្គលមានវាទៈបដិសេធកិរិយវាទៈយ៉ាងនេះថា កាល បុគ្គលធ្វើបាប មិនឈ្មោះថា បុគ្គលធ្វើ ដូច្នេះ ។