ចក្កសូត្រទី ១
ក្បាលទី 27 · ទំព័រ 723
ម្នាលភិក្ខុទាំងឡាយ ចក្កនេះមាន ៤ ចក្ក ៤ តែងប្រព្រឹត្តទៅ ( ដើម្បីជាប្រយោជន៍ ) ដល់ពួកទេវតា និងមនុស្ស ដែលប្រកបដោយចក្ក ពួកទេវតា និងមនុស្សដែលប្រកបដោយចក្កហើយ មិនយូរប៉ុន្មាន ក៏បានដល់ នូវភាពនៃខ្លួនជាធំទូលាយ ក្នុងភោគៈទាំងឡាយ ។ ចក្ក ៤ ដូចម្តេចខ្លះ ។ គឺការនៅក្នុងប្រទេសដ៏សមគួរ ១ ការចូលទៅសេពគប់នឹងពួកសប្បុរស ១ ការតម្កល់ទុកខ្លួនដោយល្អ ១ បុណ្យដែលបានធ្វើទុកហើយក្នុងកាលមុន ១ ។ ម្នាលភិក្ខុទាំងឡាយ ចក្កនេះមាន ៤ យ៉ាង ចក្ក ៤ នេះតែងប្រព្រឹត្តទៅដល់ ពួកទេវតា និងមនុស្ស ដែលប្រកបព្រមដោយចក្ក ពួកទេវតា និងមនុស្ស ដែលប្រកបដោយចក្កហើយ មិនយូរប៉ុន្មាន គង់បានដល់នូវភាវៈនៃខ្លួនជាធំ ទូលាយក្នុងភោគៈទាំងឡាយ ។ ជនណានៅក្នុងប្រទេសដ៏សមគួរ សេពគប់នូវមិត្តដ៏ប្រសើរ ប្រកបដោយការតម្កល់ទុកនូវខ្លួនដោយល្អ បានធ្វើបុណ្យទុក ក្នុងកាលមុន ធញ្ញជាត ទ្រព្យយស សេចក្តីសរសើរសុខ តែងឃុំគ្រងនូវជននុ៎ះ ។