អដ្ឋកថាចក្កសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងចក្កសូត្រទី ១ នៃចក្កវគ្គទី ៤ ដូចតទៅ នេះ បទថា ចក្កានិ គឺសម្បត្តិ ។ បទថា ចតុច្ចក្កំ វត្តតិ សេចក្តីថា ចក្រ គឺសម្បត្តិ ៤ រមែងវិល គឺបន្តគ្នាទៅ ។ បរិស័ទ ៤ រមែងប្រាកដព្រម ក្នុង ទឹកដីណា កាលនៅក្នុងទឹកដីដ៏សមគួរបែបនោះ ឈ្មោះថា បដិរូបទេសវាស គឺការនៅក្នុងប្រទេសដ៏សមគួរ ។ ការសេពគប់សប្បុរស មានព្រះពុទ្ធជាដើម ឈ្មោះថា សប្បុរិសូបស្សយ គឺការសេពគប់សប្បុរស ។ ការតាំងខ្លួនប្រពៃ គឺបើជាបុគ្គលប្រកបដោយការមិនមានសទ្ធាជាដើមអំពីមុន ការលះនូវការមិន មានសទ្ធាទាំងនោះចេញ ហើយតាំងនៅក្នុងសទ្ធាជាដើម ឈ្មោះថា អត្តសម្មាបណិធិ គឺការតាំងខ្លួនទុកប្រពៃ ។ ភាពជាបុគ្គលមានកុសលសន្សំ ក្នុងកាលមុន ឈ្មោះថា បុព្វេ ច កតបុញ្ញតា ភាពជាអ្នកធ្វើបុណ្យទុកក្នុង កាលមុន ។ សេចក្តីនេះឯង កាន់យកជាប្រមាណក្នុងចក្ក ៤ នេះ ។ ព្រោះថា កុសលកម្មបុណ្ណោះ ដែលបុគ្គលណាធ្វើដោយចិត្ត ដែលសម្បយុត្ត ដោយញាណឯណា កុសលចិត្តនោះឯង រមែងនាំបុគ្គលនោះ ចូលទៅក្នុង ទឹកដីដែលសមគួរឲ្យបុគ្គលនោះ គប់រកសប្បុរស បុគ្គលនោះ ឈ្មោះថា តាំងខ្លួនប្រពៃដោយអាការយ៉ាងនេះ ។ បទថា បុញ្ញកតោ ប្រែថា បានធ្វើ បុណ្យទុកហើយ ។ បទថា សុខព្ចោតំ អធិវត្តតិ សេចក្តីថា សេចក្តីសុខ រមែងឃុំគ្រង គឺផ្សាយចុះមកកាន់បុគ្គលនោះ ដូច្នេះ ។