សីហសូត្រទី ៣

ក្បាលទី 27 · ទំព័រ 728

ម្នាលភិក្ខុទាំងឡាយ វេលាថ្ងៃរសេលោ សត្វសីហៈជាស្តេច ម្រឹគ រមែងចេញអំពីដំណេក លុះចេញអំពីដំណេកហើយ ក៏មឹតពត់ខ្លួន លុះមឹតពត់ខ្លួនហើយ ក៏ក្រឡេកមៀងមើលទិសទាំង ៤ ជុំវិញ លុះក្រឡេក មៀងមើលទិសទាំង ៤ ជុំវិញ រួចក៏បន្លឺសីហនាទ ៣ ដង លុះបន្លឺសីហនាទ ៣ ដងហើយ ទើបដើរចេញទៅរកចំណី ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ តិរច្ឆានណា ឮសំឡេងសត្វសីហៈ ជាស្តេចម្រឹគកំពុងបន្លឺ ពួកសត្វតិរច្ឆាន នោះ ក៏ភិតភ័យ សង្វេគ ញ័រចំប្រប់រាល់គ្នា ពួកសត្វនៅក្នុងរូង រមែងស្ទុះ ចូលទៅកាន់រូង ពួកសត្វអាស្រ័យនៅនឹងទឹក ក៏ស្ទុះទៅរកទឹក ពួកសត្វ អាស្រ័យនៅក្នុងព្រៃ ក៏ចូលព្រៃ ពួកសត្វបក្សីហើរទៅឯអាកាស ។ ម្នាលភិក្ខុ ទាំងឡាយ ពួកដំរីណារបស់ស្តេច ដែលគេចងដោយចំណងព្រ័ត្រដ៏មាំក្នុង ស្រុក និគម និងរាជធានីទាំងឡាយ ក៏ពួកដំរីទាំងនោះ ស្ទុះផ្តាច់ចំណងទាំង អម្បាលនោះហើយ ភិតភ័យរាកនោម រាកអាចម៍ បោលប្រាសទៅខាងណេះ ខ្លះ ខាងណោះខ្លះ ។ ម្នាលភិក្ខុទាំងឡាយ សត្វសីហៈជាស្តេចនៃម្រឹគ មាន បឫទ្ធិច្រើនយ៉ាងនេះ មានយសសក្តិធំយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ជាងពួកសត្វតិរច្ឆាន មានឧបមាយ៉ាងណា ។ ម្នាលភិក្ខុទាំងឡាយ កាលណា ព្រះតថាគតបានត្រាស់ឡើងក្នុងលោក ជាអ្នកឆ្ងាយចាកកិលេស ត្រាស់ដឹង នូវញេយ្យធម៌ទាំងពួងដោយប្រពៃ បរិបូណ៌ដោយវិជ្ជា និងចរណៈ មាន ដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គល ដទៃប្រៀបផ្ទឹមមិនបាន ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃ ទេវតា និងមនុស្សទាំងឡាយ បានត្រាស់ដឹងនូវអរិយសច្ចធម៌ លែងវិលត្រឡប់ មកកាន់ភពថ្មីទៀត ព្រះតថាគតនោះ ទ្រង់សម្តែងធម៌ថា សក្កាយ ដូច្នេះ ការកើតនៃសក្កាយ ដូច្នេះ ការរលត់នៃសក