អដ្ឋកថាឧទាយិសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងឧទាយិសូត្រទី ១០ ដូចតទៅនេះ បទថា អភិសង្ខតំ គឺធ្វើឲ្យជាគំនរ ។ បទថា និរារម្ភំ គឺវៀរនូវការប្រារព្ធសត្វ ។ បទថា យញ្ញំ គឺទេយ្យធម៌ ។ សេចក្តីពិត ទេយ្យធម៌នោះ ហៅថា យញ្ញ ព្រោះបុគ្គលគប្បីបូជា ។ បទថា កាលេន គឺតាមកាលដ៏គួរ គឺសមគួរ ។ បទថា ឧបសំយន្តិ គឺរមែងចូលទៅដល់ ។ បទថា កុលំ គតឹ សេចក្តីថា បុគ្គលឈានកន្លងហើយនូវត្រកូលក្នុងវដ្តៈ និងគតិក្នុងវដ្តៈ។ បទថា បុញ្ញស្សក ោវិទា សេចក្តីថា ការឈ្លាសក្នុងបុណ្យដែលប្រព្រឹត្តទៅក្នុងភូមិ ៤ ។ បទថា យញ្ញេ គឺក្នុងទានតាមប្រក្រតី ។ បទថា សទ្ធេ គឺក្នុងទានឧទ្ទិស ដើម្បីអ្នកស្លាប់ ។ បទថា ហុញ្ញំ កត្វា សេចក្តីថា រៀបចំទេយ្យធម៌ឲ្យជា របស់គួរបូជា ។ បទថា សុក្ខេត្តេ ព្រហ្មចារិសុ សេចក្តីថា ក្នុងស្រែដែលល្អ ពោល គឺប្រព្រឹត្តព្រហ្មចរិយៈ ។ បទថា សម្បត្តំ គឺដល់ល្អហើយ ។ បទថា ទក្ខិណេយ្យេសុ យំ កតំ សេចក្តីថា យញ្ញដែលសម្រេចក្នុងទក្ខិណេយ្យបុគ្គលដែលសមគួរ ដែលបុគ្គលបូជា បួងសួងល្អហើយ ។ បទថា សទ្ធោ សេចក្តីថា ឈ្មោះថា ជាអ្នកមានសទ្ធា ព្រោះជឿក្នុងគុណរបស់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ។ បទថា មុត្តេន ចេតសា បានដល់ មានចិត្ត លះបង់ហើយ លោកសម្តែងការបរិច្ចាគដោយទឹកចិត្តលះបង់ ដោយបទ នេះឯង ។