អដ្ឋកថាសមាធិសូត្រ

ក្បាលទី 27 · ទំព័រ 780

គប្បីជ្រាបវិនិច្ឆ័យក្នុងសមាធិសូត្រទី ១ នៃរោហិតស្សវគ្គទី ៥ ដូចតទៅ បទថា ញាណទស្សនប្បដិលាភាយ សេចក្តីថា ដើម្បីបាន ញាណទស្សនៈ គឺទិព្វចក្ខុ ។ បទថា ទិវា សញ្ញំ អធិដ្ឋាតិ សេចក្តីថា រមែងតាំងនូវការកំណត់សម្គាល់យ៉ាងនេះថា ពេលថ្ងៃដូច្នេះ ។ បទថា យថា ទិវា តថា រត្តឹ សេចក្តីថា មនសិការដល់អាលោកសញ្ញា គឺការកំណត់ សម្គាល់ថា ពន្លឺក្នុងពេលថ្ងៃយ៉ាងណា រមែងមនសិការដល់អាលោកសញ្ញា នោះ សូម្បីក្នុងពេលយប់ក៏ដូច្នោះឯង ។ ក្នុងបទទី ២ ក៏មានន័យនេះដូចគ្នា ។ បទថា សប្បភាសំ បានដល់ មានពន្លឺ គឺទិព្វចក្ខុញ្ញាណ សូម្បីធ្វើចិត្តឲ្យដូចជា ពន្លឺ បានហើយក៏ពិត តែបណ្ឌិតគប្បីកំណត់អត្ថយ៉ាងនេះ ។ តែក្នុងទីនេះ លោកបំណងយកពន្លឺ គឺទិព្វចក្ខុញ្ញាណ ។ បទថា វិទិតា បានដល់ ប្រាកដ ហើយ ។ សួរថា សេចក្តីនេះដូចម្តេច វេទនាដែលដឹងហើយ ឈ្មោះថា កើតឡើងដែលដឹងហើយ ឈ្មោះថា រលត់ទៅឬ ។ ឆ្លើយថា ភិក្ខុក្នុងធម្មវិន័យនេះ រមែងកំណត់វត្ថុ រមែងកំណត់អារម្មណ៍ ព្រោះភិក្ខុនោះ កំណត់វត្ថុ និងអារម្មណ៍ហើយ វេទនាដែលដឹងយ៉ាងនេះថា វេទនាកើតឡើងយ៉ាងនេះ តាំងនៅយ៉ាងនេះ រលត់ទៅយ៉ាងនេះ ឈ្មោះថា កើតឡើង ដែលដឹងហើយ ឈ្មោះថា តាំងនៅ ដែលដឹងហើយ ឈ្មោះថា រលត់ទៅ ។ សូម្បីក្នុងសញ្ញា និងវិតក្កក៏ន័យនេះដូចគ្នា ។ បទថា ឧទយព្វយានុបស្សី ប្រែថា ពិចារណា ឃើញការកើត និងការវិនាស ។ បទថា ឥតិ រូបំ សេចក្តីថា រូបយ៉ាងនេះ រូបមានបុណ្ណេះ រូបដទៃក្រៅអំពីនេះមិនមាន ។ បទថា ឥតិ រូបស្ស សមុទយោ សេចក្តីថា ការកើតឡើងនៃរូបយ៉ាងនេះ ។