អដ្ឋកថាបញ្ញាសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបញ្ញាសូត្រទី ២ ដូចតទៅនេះ បទថា យោ ច នេសំ តត្ថ តត្ថ ជានាតិ អនុធម្មតំ សេចក្តីថា ភិក្ខុណាដឹងការពោល ស្រាយបញ្ញាទាំងនោះ ក្នុងឋានៈនោះៗ ។ បទថា ចតុប្បញ្ញស្សក ុសលោ អាហុ ភិក្ខុំ តថាវិធំ សេចក្តីថា លោកហៅភិក្ខុបែបនោះយ៉ាង នេះថា ជាអ្នកឈ្លាសក្នុងបញ្ញាទាំង ៤ ។ បទថា ទុរាសទោ ទុប្បសហោ សេចក្តីថា ដែលបុគ្គលណាមួយ មិនអាចប៉ះខ្ទប់ ឬសង្កត់សង្កិនបាន ។ បទថា គម្ពីរោ សេចក្តីថា ជាបុគ្គលជ្រាលជ្រៅ ដូចមហាសមុទ្រសីទន្តរ ៧ ។ បទថា ទុប្បធំសិយោ បានដល់ បុគ្គលដែលអ្នកណាម្នាក់ដោះបានលំបាក អធិប្បាយថា បុគ្គលណាមួយមិនអាចឲ្យបុគ្គលនោះដោះនូវការប្រកាន់ក្នុងអ្វី ដែលបុគ្គលនោះ ប្រកាន់ហើយបានឡើយ ។ បទថា អត្ថេ អនត្ថេ ច បានដល់ ក្នុងការចម្រើន និងក្នុងការវិនាស ។ បទថា អត្ថាភិសមយា បានដល់ ព្រោះប្រមូលយកការចម្រើនបាន ។ បទថា ធីរោ បណ្ឌិតោតិ បវុច្ចតិ សេចក្តីថា បុគ្គលប្រកបដោយបញ្ញា គេហៅថា បុគ្គលនេះជាបណ្ឌិត ដូច្នេះ ។