បឋមកោធសូត្រទី ៣

ក្បាលទី 27 · ទំព័រ 784

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ មាននៅក្នុងលោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ ។ គឺបុគ្គលជាអ្នកធ្ងន់ក្នុងសេចក្តីក្រោធ មិនធ្ងន់ ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងសេចក្តីលុបគុណ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងលាភ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងសក្ការៈ មិនធ្ងន់ ក្នុងព្រះសទ្ធម្ម ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង មាននៅក្នុង លោក ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះមាននៅក្នុងលោក ។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ គឺបុគ្គលជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តី ក្រោធ ១ ជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីលុបគុណ ១ ជាអ្នក ធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងលាភ ១ ជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុង សក្ការៈ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង មាននៅក្នុង លោក ។ ភិក្ខុណាជាអ្នកធ្ងន់ក្នុងសេចក្តីក្រោធ និងសេចក្តីលុបគុណ ជា អ្នកធ្ងន់ក្នុងលាភសក្ការៈ ភិក្ខុទាំងនោះ រមែងមិនចម្រើនក្នុង ព្រះសទ្ធម្ម ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងឡើយ ។ ភិក្ខុទាំងឡាយណា ជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម នៅហើយផង នៅឥឡូវនេះផង ភិក្ខុទាំងនោះ រមែងចម្រើនក្នុងព្រះសទ្ធម្ម ដែលព្រះសម្មាសម្ពុទ្ធ ត្រាស់សម្តែងហើយ ។