បឋមរោហិតស្សសូត្រទី ៥

ក្បាលទី 27 · ទំព័រ 787

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ លំដាប់នោះឯង រោហិតស្សទេវបុត្ត កាលវេលារាត្រី ( បឋមយាម ) កន្លងទៅហើយ មានពន្លឺដ៏រុងរឿង ញ៉ាំងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាង ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ ចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយស្ថិតនៅក្នុងទីសមគួរ ។ លុះរោហិតស្សទេវបុត្តស្ថិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏ មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងឱកាសនៃចក្រវាឡលោកណា បពិត្រព្រះអង្គដ៏ ចម្រើន បុគ្គលអាចដើម្បីដឹង ដើម្បីឃើញ ឬដើម្បីដល់នូវទីបំផុតនៃលោក ( នោះ ) ដោយកិរិយាដើរទៅ ( ដោយជើង ) បានដែរឬ ។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិនបានពោលថា បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុតនៃសង្ខារលោកនោះ ដោយកិរិយាដើរទៅ ( ដោយជើង ) បានឡើយ ។ រោហិតស្សទេវបុត្ត ក្រាបបង្គំទូលថា បពិត្រ ព្រះអង្គដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចម្រើន ចម្លែកពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ព្រះតម្រាស់នេះ ដែលព្រះដ៏មានព្រះភាគ ត្រាស់ប្រពៃហើយថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ក្នុងសង្ខារលោកណា តថាគតមិនពោលថា បុគ្គល គប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុតនៃសង្ខារលោកនោះ ដោយកិរិយា ដើរទៅ ( ដោយជើង ) បានឡើយ បពិត្រព្រះអង្គដ៏ចម្រើន កាលពីព្រេង នាយមក ខ្ញុំព្រះអង្គធ្លាប់កើតជាឥសីឈ្មោះរោហិតស្សៈ ជាបុត្ររបស់ព្រាន ព្រៃ